វេស្សន្តរជាតក
វេស្សន្ដរជាតក មហាវេស្សន្តរជាតក ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ជាតក >វេស្សន្ដរជាតក ព្រះបរមសាស្ត្រាចារ្យកាលគង់នៅក្នុង វត្តនិគ្រោធារាម នគរ កបិលពស្តុ ទ្រង់ប្រារព្ធនូវភ្លៀង បោក្ខរព័ស៌ ទ្រង់សម្ដែងព្រះធម៌ទេសនានេះថា ផុស្សតី វរវណ្ណាកេ ដូច្នេះជាដើម ។ បទដើម សេចក្ដីពិតថា៖ កាលដែលព្រះបរមសាស្ត្រាចារ្យ ទើបបានត្រាស់ ទ្រង់គង់ក្នុង នគររាជគ្រឹះ អស់ហេមពាន្តរដូវ ទ្រង់មានព្រះភិក្ខុសង្ឃអង្គអរហន្តចំនួន ២០ ពាន់ជាបរិវារ ទ្រង់យាត្រានិវត្តមកកាន់នគរ កបិលពស្តុ វិញ មានព្រះឧទាយីដែល ព្រះបាទស្រីសុទ្ធោទន៍ ឲ្យទៅនិមន្តនោះជាមគ្គុទ្ទេសក៏ ។ គ្រានោះពួកស្ដេចសក្យរាជព្រមព្រៀងគ្នាកំណត់យកសួនច្បារជារមណីយដ្ឋាន របស់ដែនសក្កៈ ឈ្មោះនិគ្រោធារាមថ្វាយជាអារាមផ្ដាច់មកចំពោះព្រះពុទ្ធជាម្ចាស់ ។ ព្រះរាជាទាំងឡាយនោះកាលយាងទៅធ្វើបដិសណ្ឋារៈចំពោះព្រះបរមគ្រូ ទ្រង់តែងតែរុញពួកយុវក្សត្រដែលក្មេងៗជាងព្រះពុទ្ធឲ្យចូលទៅគង់ខាងមុខៗ ឯពួកព្រឹទ្ធរាជ ក្រាញនៅតែខាងក្រោយៗ ដោយកិរិយាពុំព្រមថ្វាយបង្គំព្រះបរមសាស្ដា ។ ព្រះភគវន្តាចារ្យ ទ្រង់ជ្រាបអធ្យាស្រ័យន...