តួនាទីចៅហ្វាយនាយ
តួនាទីចៅហ្វាយនាយ
កូនជាទីស្រឡាញ់! ចៅហ្វាយនាយ ដែលមានចិត្តល្អ មានយុត្តិធម៌ ចេះយល់ចិត្តយល់ថ្លើម និងជាគ្នាឯងជាមួយកូនចៅ មិនយកប្រៀប មិនសង្កត់សង្កិន មិនបៀតបៀនកូនចៅ រមែងធ្វើឲ្យកូនចៅកក់ក្តៅក្នុងចិត្ត និងផ្តល់ឲ្យសេចក្តីគោរពកោតក្រែងទាំងទីចំពោះមុខ និងកំបាំងមុខត្រឡប់មកចៅហ្វាយនាយវិញ ព្រមទាំងមានការចងចាំទុកក្នុងចិត្តនូវគុណធម៌ទាំងឡាយ រហូតអស់ជីវិតពួកគេទៀតផង។
អគ្គបណ្ឌិត ប៊ុត សាវង្ស នឹងបកស្រាយពីវិធីនៃការគ្រប់គ្រងចិត្តមនុស្ស ក្នុងពេលកាន់ការងាររបស់ខ្លួនទៅតាមលំដាប់ ឬឋានៈនៃការងាររបស់ខ្លួនឯង។
អគ្គបណ្ឌិត ប៊ុត សាវង្ស ប្រាប់ឲ្យដឹងថា៖ «បើកូនមាននូវឱកាសបានធ្វើជាចៅហ្វាយនាយគេ ឬជាអ្នកបង្គាប់បញ្ជាគេ កូនកុំភ្លេចពាក្យម៉ែពាក្យឪ នៅត្រង់សេចក្តីនេះឲ្យសោះ នេះបើកូនប្រាថ្នាឲ្យកូនចៅ នៅក្រោមការបង្គាប់កូន ស្រឡាញ់ឲ្យកក់ក្តៅក្នុងចិត្ត និងគោរពស្រឡាញ់ ដោយក្តីស្មោះ។ កូនធ្វើឲ្យអ្នកនៅក្រោមឱវាទ របស់កូន ស្រឡាញ់ពេញចិត្ត គោរពស្ម័គ្រស្មោះ វិញ នោះជាការប្រសើរណាស់ រីឯការធ្វើឲ្យគេគ្រាន់តែខ្លាច តែមិនគោរពកោតក្រែងនោះ មិនមែនជាការប្រសើរឡើយ» ។
លោកអគ្គបណ្ឌិត បានបន្តថា៖ «អ្នកគ្រប់គ្រងគេ កាលបើគ្រាន់តែប្រើនូវអ្វីជាព្រះតេជៈ ច្រើនជាងព្រះគុណនោះ រមែងមានតែមនុស្សចេះខ្លាចតែប៉ុណ្ណោះ ប៉ុន្តែមិនមានភាពកក់ក្តៅនៅក្នុងចិត្ត និងមិនបានស្រឡាញ់ស្ម័គ្រស្មោះមកលើអ្នកនោះឡើយ។ ចំណែកឯអ្នកដែលបានប្រើប្រាស់នូវព្រះគុណ ច្រើនជាងព្រះតេជៈ មនុស្សទាំងឡាយរមែងខ្លាចផងក្រែងផង គោរពដោយស្មោះផងនិងកក់ក្តៅក្នុងចិត្តផងយ៉ាងនេះ ហៅថា ជាអ្នកគ្រប់គ្រងគេ បានទាំងកាយ និងចិត្ត។ អ្នកធំដែលប្រាថ្នានឹងគ្រប់គ្រងចិត្តមនុស្ស ដោយការប្រើអំណាចបង្គាប់បញ្ជា ដើម្បីធ្វើឲ្យគេកោតខ្លាចនោះ គឺជាការយល់ខុសនូវការពិត។ អំណាចដ៏ពិតប្រាកដ គឺកើតចេញមកពីការសាងភាពកក់ក្តៅ ឲ្យដល់កូនចៅក្រោមឱវាទ ឬការគិតពីសារៈសំខាន់រួមទាំងខ្លួនឯង និងទាំងអត្ថប្រយោជន៍កូនចៅនៅថ្នាក់ក្រោមដែរ»។
ការឲ្យភាពកក់ក្តៅ ដែលបង្កប់ទៅដោយភាពមានមនោសញ្ចេតនា លាយដោយស្និទ្ធស្នាល គោរពស្រឡាញ់ ហើយដក់ជាប់នៅក្នុងក្រអៅបេះដូង រមែងកើតពីការផ្តល់ឲ្យ ការចេះអើពើ និងការយកចិត្តទុកដាក់ ដូចជាការឲ្យប្រាក់ ឲ្យរបស់របរប្រើប្រាស់ កម្លាំងចិត្ត ភាពជាគ្នាឯង ពាក្យណែនាំដែលល្អៗ ពាក្យពីរោះ មានប្រយោជន៍ ឲ្យអភ័យ ឲ្យភាពកក់ក្តៅប្រៀបបីដូចជាឪពុកម្តាយអ៊ីចឹង រួមទាំងមានការឲ្យនូវកិត្តិយស និងភាពខ្ពង់ខ្ពស់ហាក់ដូចជាការតាំងនៅក្នុងឋានៈស្មើគ្នាទៀតផងដែរ។
ជាចុងក្រោយនេះ លោកអគ្គបណ្ឌិត ប៊ុត សាវង្ស ក៏បានបន្ថែមដែរថា៖ «បើកូនត្រូវការគ្រប់គ្រងចិត្តមនុស្ស ខណៈពេលកូនក្លាយទៅជាអ្នកគ្រប់គ្រងគេ ឬចៅហ្វាយនាយគេ ចូរកូនត្រូវតែចេះប្រើនូវសេចក្តីសង្គ្រោះ ចេះឲ្យនូវអ្វីជាប្រយោជន៍ដែលប្រកបដោយសេចក្តីមេត្តា ករុណា ហើយក៏ត្រូវផ្តល់ឲ្យនូវអ្វីជារឿយៗតាមការគួរទៀតផងចំពោះកូនចៅក្រោមឱវាទរបស់ខ្លួន»៕
Comments
Post a Comment