តើព្រលឹងអក្សរសិល្ប៍មានន័យដូចម្តេច
តាមទ្រឹស្តីអក្សរសិល្ប៍ ព្រលឹងអក្សរសិល្ប៍សំគាល់គោលគំនិតរបស់អ្នកនិពន្ធដែលបានកត់ត្រាទុកក្នុងស្នាដៃរបស់ខ្លួន ហើយគោលគំនិតនោះពុំចេះប្រែប្រួលតាមពេលវេលា តាមទីកន្លែងនោះទេ ពោលគឺពុំស្ថិតនៅក្រោមកត្តានៃកាលអាកាស សម័យកាលឡើយ គឺវាមានគោលគំនិតត្រូវគ្រប់សម័យកាល។ផ្ទុយទៅវិញ អក្សរសិល្ប៍ដែលសម្រួលគោលគំនិតតាមព្រឹត្តិការណ៍ តាមទីកន្លែង តាមឥទ្ធិពលនៃប្រយោជន៍ អក្សរសិល្ប៍នោះនឹងត្រូវបាត់បង់ព្រលឹងរបស់ខ្លួន។ជាឧទាហរណ៍ អក្សរសិល្ប៍ខ្មែររឿងទុំទាវមានព្រលឹងរបស់ខ្លួនស្ថិតស្ថេរគ្រប់សម័យកាលនៃសង្គមខ្មែរ។
ប្រទេសជាតិស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ ក៏អត្ថបទអក្សរសិល្ប៍នៅតែរក្សាគោលគំនិតរបស់ខ្លួនដែលជាព្រលឹងអក្សរសិល្ប៍ដដែល ។ខ្លឹមនៃអក្សរសិល្ប៍ស្ថិតនៅត្រង់ស្នាដៃដ៏សំខាន់របស់អ្នកនិពន្ធប្រកបដោយវិសេសភាពរបស់ខ្លួនពុំងាយនឹងធ្វើតាមបាន មានន័យថា ខ្លឹមនៃអត្ថបទស្ថិតនៅដូចដើមគ្រប់សម័យកាលទោះបីយកអត្ថបទនោះទៅអប់រំមនុស្សសម័យណាក៏ដោយ។
ដូច្នេះព្រលឹងអក្សរសិល្ប៍ជាព្រលឹងសង្គម ព្រោះអក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងបញ្ហាសង្គមដែលបានកើតឡើងក្នុងសម័យកាលណាមួយ។ដើម្បីឲ្យស្នាដៃរបស់ខ្លួនមានភាពល្អប្រសើរ អ្នកនិពន្ធត្រូវហ៊ាននិយាយការពិតទោះបីអក្សរសិល្ប៍តាមបច្ចេកទេសសិល្ប៍វិធីនិពន្ធរបស់ខ្លួនក៏ដោយ គឺមិនត្រូវធ្វេសប្រហែសសច្ច:ភាពជាដាច់ខាត។
(រៀបចំដោយ យួនបូរ៉េត )
Comments
Post a Comment