សិក្សារឿងផ្កាស្រពោន

Monday, 31 December 2018

រឿងផ្កាស្រពោន


1- ប្រភពរឿង៖ នៅក្នុងប្រទេសកម្ពុជា
2- ប្រភេទ៖ អក្សរសិល្ប៍ទំនើប បែបប្រលោមលោកមនោសញ្ជេតនា
3- អ្នកនិពន្ធ៖ នូ ហាច
4- កាលកំណត់តែង៖ តែងក្នុងឆ្នាំ ១៩៤៧ បោះពុម្ពក្នុងឆ្នាំ ១៩៤៩ចលនា៖ ខេមរនិយម
5- សង្គមបរិយាកាស៖ ដំណើររឿងប្រព្រឹត្តទៅក្នុងសម័យអាណានិគមបារាំង។

6- សង្ខេបរឿង៖
ប៊ុនធឿន និងវិធាវី ត្រូវបានឪពុកម្តាយផ្សំផ្គុំឲ្យជាគូនឹងគ្នាតាំងពីនៅតូចៗម៉េ្លះ។ ប៉ុន្តែក្រោយ​មកគ្រួសារប៊ុនធឿនត្រូវធ្លាក់ខ្លួនក្រដុនដាប ដោយលោកប៊ុនថនជាឪពុកប៊ុនធឿនដឹកស្រូវតាម​ទូក​ប៉ុកចាយទៅលក់នៅឯព្រៃនគរ ត្រូវខ្យល់ព្យុះបក់បោកលិចអស់គ្មានសល់។
យាយនួន ម្តាយនាងវិធាវីជាមនុស្សស្រឡាញ់ទ្រព្យសម្បត្តិជាងកិត្តិយស និងសេចក្តីស្មោះ​ត្រង់ ក៏បានផ្តាច់ពាក្យពីប៊ុនធឿន ព្រោះប៊ុនធឿនពេលនេះគ្មានទ្រព្យ គ្មានតម្លៃអ្វីសម្រាប់គាត់ទៀត​ឡើយ។ យាយនួនក៏បានលើកនាងវិធាវីទៅឲ្យចៅណៃស៊តកូនប្រុសរបស់ថៅកែណៃស៊ាន និង​នាងថូ ជាអ្នកមានទ្រព្យស្តុកស្តម្ភ។ ណៃស៊តជាយុវជនខ្វះសីលធម៌ពាលាអាវ៉ាសែ អាងទឹកប្រាក់​ដើរលេងតាមអំពើចិត្ត។
ចាប់តាំងពីយាយនួនលើកនាងវិធាវីទៅឲ្យចៅណៃស៊តមក នាងវិធាវីក៏ធ្លាក់ខ្លួនឈឺ ស្រពាប់​ស្រពោន គិតតែសញ្ជប់សញ្ជឹងនឹកគិតទៅដល់តែប៊ុនធឿន គូសង្សារស្មើជីវិត តែនាងមិនហ៊ានប្រ​កែកនឹងបំនងម្តាយ។
ពីមួយថ្ងៃទៅមួយថ្ងៃសុខភាពនាងវិធាវីកាន់តែទ្រុឌទ្រោមទៅៗ កម្លាំងកាន់តែខ្សោយ ទឹកមុខ​ស្លេកស្លាំង បាយមិននឹក ទឹកមិនឃ្លាន គេងក៏មិនលក់។ នាងវិធាវីកាន់តែមានសភាពធ្ងន់ធ្ងរទៅៗ។ យាយនួនឃើញកូនពិបាកចិត្តក៏បាននាំនាងទៅដើរលេងដល់សៀមរាបដើម្បីឲ្យនាងបានធូរស្បើយ​សប្បាយក្នុងចិត្តតែនាងវិធាវីមិនមានចិត្តសោមនស្សបន្តិចណាឡើយ។ ក្រោយមកនាងវិធាវីមាន​​ជម្ងឺក្អកធ្លាក់ឈាម ហើយក្រូពេទ្យខំព្យាបាលយ៉ាងណាក៏មិនជាសះស្បើយ។ និយាយពីយាយ​នួន​វិញមិនបានយល់ពីទឹកចិត្តរបស់កូនស្រីទេ គិតតែពីដើររកគ្រូហ្ម៉ ម្តងឲ្យលោកស្រោចទឹក ម្តង​បញ្ជាន់អារក្ស តែនៅតែគ្មានបានលទ្ធផលអ្វីសោះ។
ថ្លែងពីប៊ុនធឿន ពេលត្រឡប់មកពីភ្នំពេញវិញទទួលដំណឹងថានាងវិធាវីជិតរៀបការក៏​កើត​ទុក្ខ​ទោម្និញ យំខ្សឹកខ្សួលតែម្នាក់ឯង។ ប៊ុនធឿនក៏បានចូលព្រៃរនាមជាមួយតាសូរកត្រីរកអុស ដើម្បី​បន្លប់នូវសេចក្តីទុក្ខព្រួយ។
ពេលប៊ុនធឿនត្រឡប់មកពីព្រៃវិញ មច្ចុរាជបានផ្តាច់យកអាយុសង្ខារវិធាវីទាំងវ័យក្មេងបន្សល់​ទុកនូវតែសេចក្តីទុក្ខសោក អាឡោះអាល័យសង្រេងសង្រៃឲ្យប៊ុនធឿន។

7- ប្រធានរឿង៖ រឿងនេះបានបង្ហាញពីជីវិតស្នេហាព្រាត់ប្រាសរបស់យុវជនយុវតីពីររូប​បណ្តាលមកពីការរើសអើងវណ្ណៈ (ឲ្យតម្លៃលើទ្រព្យសម្បត្តិធំជាងកិត្តិយស)។
8- មូលបញ្ហារឿង៖ 
- បញ្ហាស្មោះស្ម័គ្ររបស់ប៊ុនធឿន និងវិធាវី (ស្នេហាបែបប្រពៃណី, 
- ស្នេហា​ក្រោមគំនាបទ្រព្យសម្បត្តិ, 
- ស្នេហាក្រោមឥទ្ធិពលនៃជំនឿសាសនា), ទឹកចិត្តលោភលន់ទ្រព្យ​សម្បត្តិរបស់យាយនួន។

Comments

Popular posts from this blog

តើមូលធម៌ខ្មែរមនមានអ្វីខ្លះ

មូលធម៌ខ្មែរ-មន