តែងសេចក្តីបែបពិភាក្សា
តែងសេចក្តីពិភាក្សា
តែងសេចក្តីពិភាក្សា គឺជាតែងសេចក្តីមួយប្រភេទដែលតម្រូវឱ្យអ្នកតែងលើកយកមតិរបស់ប្រធានមកពិចារណា វែកញែករកខុសត្រូវ រកល្អអាក្រក់ សម ឬពុំសម មានប្រយោជន៍ ឬឥតប្រយោជន៍ជាដើម ដើម្បីយកមតិនោះមកថ្លឹងថ្លែងមើល តើមតិណាសមរម្យជាង? ហើយតែងសេចក្តីបែបពិភាក្សា តម្រូវឱ្យអ្នកតែងសេចក្តី ម្ដងនិយាយស្របតាមប្រធាន ម្តងនិយាយជំទាស់ ឬផ្ទុយនឹងប្រធាន។
ដូចនេះ តែងសេចក្ដីពិភាក្សាជាប្រភេទតែងសេចក្ដីមួយបែប ដែលតម្រូវឱ្យយើងថ្លឹងថ្លែងពិចារណាលើមតិប្រធាន ក្នុងនោះមានៈ
– មតិស្របៈ គឺជាមតិដែលយើងពន្យល់ស្របតាមមតិប្រធាន។
– មតិផ្ទុយៈ គឺជាមតិដែលពន្យល់ ជំទាស់ ឬប្រឆាំងនឹងមតិស្រប។
– ការពិភាក្សាៈ គឺជាការថ្លឹងថ្លែងវិនិច្ឆ័យរវាងមតិស្រប និងមតិផ្ទុយ ដើម្បីប្រមើលមើលរកចំណុចរួម និងចំណុចសមហេតុផលនៃមតិនីមួយៗ។
– ការសំយោគៈ គឺជាការផ្សំមតិរួមគ្នា ឬបំពេញគ្នាទៅវិញទៅមករវាងមតិស្រប និងមតិផ្ទុយ។
គន្លឹះដើម្បីស្គាល់ប្រធាន
ក.ការបញ្ចេញមតិ
– គេពោលថា“……………………………………….”
– មតិមួយលើកឡើងថា“…………………………”
– មានទស្សនៈជាច្រើនយល់ថា“……………….”
– មានទស្សនៈខ្លះយល់ថា “……………………” ឯអ្នកខ្លះទៀតថា “…………………….”ទៅវិញ។ល។
ខ.ពាក្យចោទសួរ
–តើអ្នកយល់ដូចម្ដេច?
–តើអ្នកយល់យ៉ាងណា?
– តើមតិត្រឹមត្រូវដែរ ឬទេ?
–តើអ្នកមានយោបល់យ៉ាងដូចម្ដេចដែរ?
– តើទស្សនៈខាងលើ មួយណាត្រឹមត្រូវ និងមួយណាមិនត្រឹមត្រូវ?
……………………………………………………………
គ.ពាក្យបង្គាប់
–ចូរពិភាក្សា
–ចូរពិចារណា
–ចូរវិនិច្ឆ័យ
- ចូរវែកញែករកខុសរកត្រូវ ។ល។
៣.វិធីសាស្ដ្រតែងប្រធានពិភាក្សា
គម្រោងតែង
I. សេចក្ដីផ្ដើម
បំផុសបញ្ហា ឬលំនាំបញ្ហាចំណូលបញ្ហាចំណោទបញ្ហា ចោទសួរទៅលើប្រធានតាមបែបពិភាក្សា ។
ប្រសិនបើប្រធានមានតែមួយត្រូវចោទថាៈ
–តើ…………………………………ត្រឹមត្រូវឬទេ ?
–តើ…………………………………សមស្របឬទេ ?
- តើ…………………………………ត្រូវឬខុស ?
ប្រសិន ប្រធានមានមតិពីរខ្វែងគ្នា ឬ ផ្ទុយគ្នាក្នុងរឿងតែមួយ យើងគប្បីដឹងថា មតិទីមួយជាមតិស្រប ឯមតិទីពីរជាមតិផ្ទុយ យើងត្រូវចោទថាៈ
–តើមតិទាំងពីរខាងលើនេះត្រឹមត្រូវឬទេ ?
II.តួសេចក្ដី
ក.ឃ្លាភ្ជាប់សេចក្ដី
–ពន្យល់ពាក្យគន្លឹះ
–ពន្យល់ន័យប្រធាន
ខ.បកស្រាយខ្លឹមសារប្រធាន
១. មតិស្របៈ ពន្យល់បកស្រាយ បង្ហាញគំនិតគាំទ្រដល់មតិរបស់ប្រធាន និងលើយកឧទាហរណ៍មកបញ្ជាក់ ។
– សរុបមតិស្រប
សំណួរភ្ជាប់ពីមតិស្របទៅមតិផ្ទុយៈ តើ………..ពិតមែន ឬយ៉ាងណា? ជាដើម
២.មតិផ្ទុយៈលើកយកទស្សនៈពន្យល់ឲ្យផ្ទុយពីមតិស្រប ឬគាំទ្រមតិទី២ ប្រសិនបើប្រធានមានមតិពីរ និងលើកឧទាហរណ៍មកបញ្ជាក់ ។
-សរុបមតិផ្ទុយ
៣.មតិពិភាក្សា (សន្និដ្ឋាន) ជាការថ្លឹងថ្លែង វិនិច្ឆ័យរវាងមតិស្រប និងមតិផ្ទុយ ដើម្បីស្វែករកមតិដែលត្រឹមត្រូវ ។
សំយោគមតិៈ ជាការផ្សំមតិគ្នា ឬ បំពេញគ្នាទៅវិញទៅមករវាងមតិស្រប និងមតិផ្ទុយ ។
អ្នកតែងត្រូវពិនិត្យ ឬពិចារណាដោយខ្លួនឯងថា តើប្រធាននោះជា មតិពិភាក្សា ឬជាសំយោគមតិ រួចធ្វើការវាយតម្លៃថា៖
បើជាមតិពិភាក្សាៈ
– មតិមួយត្រូវ មតិមួយខុស ។
បើជាសំយោគមតិៈ
–ប្រធានមានមតិមួយ គឺត្រូវខ្លះ ខុសខ្លះ (មិនទានត្រឹមត្រូវ)
–ប្រធានមានមតិពីរ គឺត្រូវខ្លះ ខុសខ្លះ (មតិទី១ + មតិទី២ឬ មតិទី១ + មតិទី២ + មតិបន្ថែម ) ។
III.សេចក្ដីបញ្ចប់
–វាយតម្លៃប្រធានៈ មតិរបស់ប្រធានត្រឹមត្រូវឬទេ?
–ចំណាប់អារម្មណ៍ៈ មតិចូលរួមដើម្បីធ្វើការ អភិវឌ្ឍ។
ចំណាំ
តែងសេចក្ដីពិភាក្សា ចែកចេញជាពីរប្រភេទគឺ៖
–ប្រធានពិភាក្សាសុទ្ធៈ ប្រធានមានមតិតែមួយ ។
–ប្រធានពិភាក្សាប្រៀបធៀបៈ ប្រធានមានមតិពីរ ។
ចំពោះប្រភេទទាំងពីរនេះចែកចេញជាពីរប្រភេទទៀតគឺៈ
១. ប្រធានពិភាក្សាពេញលេញ
–ប្រធានមានមតិមួយខុសស្រលះ
–ប្រធានមានមតិមួយ ត្រូវខ្លះ ខុសខ្លះ
–ប្រធានមានមតិពីរ ត្រូវមួយ ខុសមួយ
២. ប្រធានពិភាក្សាមិនពេញលេញ
-ប្រធានមានមតិពីរជានិច្ច ហើយមតិនីមួយៗសុទ្ធតែមានហេតុផលត្រឹមត្រូវរៀងៗខ្លួន ។
១.ប្រធានពិភាក្សាពេញលេញ
ចំណោទបញ្ហា
-តើ…ទាំងពីរខាងលើនេះ ត្រឹមត្រូវគ្រប់ជ្រុងជ្រោយដែរ ឬទេ ?
មតិសំយោគ
-លើកយកមតិទី១ មកបញ្ជាក់ថាមានលក្ខណៈត្រឹមត្រូវម្យ៉ាងព្រោះ…………………………………………….។
-លើកយកមតិទី២ មកបញ្ជាក់ថាមានលក្ខណៈត្រឹមត្រូវម្យ៉ាងដែរព្រោះ…………………………… …………..។
-ទោះបីជាមតិទាំងពីរមានលក្ខណៈត្រឹមត្រូវរៀងៗខ្លួនក៏ដោយ តែពុំទាន់ត្រឹមត្រូវពេញឡើយលុះត្រាៈ
មតិទី១ + មតិទី២ ឬមតិទី១ + មតិទី២ + មតិបន្ថែម
២.ប្រធានពិភាក្សាមិនពេញលេញ
ចំណោទបញ្ហា
-តើ…ខាងលើនេះត្រឹមត្រូវដែរឬទេ ? (ចំពោះប្រធានមានមតិតែមួយ)
-តើ…ទាំងពីរខាងលើនេះ មួយណាត្រូវ មួយណាខុស ? (ចំពោះប្រធានមានមតិពីរ)
មតិពិភាក្សា
- មតិប្រធានមានមួយខុសស្រលះ
– មតិទាំងពីរ មួយត្រូវ មួយខុស
មតិសំយោគ
-មតិប្រធានមានមួយ ត្រូវខ្លះ ខុសខ្លះ
-មតិប្រធានមានពីរ ត្រូវខ្លះ ខុសខ្លះ
កំណត់សម្គាល់
–មតិស្របក្ដី មតិផ្ទុយក្ដី ត្រូវមានអំណះអំណាងគាំទ្រ ។
– ប្រធានតែងសេចក្ដីពិភាក្សា ចាំបាច់ត្រូវមានផ្នែកមួយ ដែលលើកយកមតិស្រប ឬមតិផ្ទុយមកវិនិច្ឆ័យ ឬថ្លឹងថ្លែងជាដាច់ខាត ។
–ប្រធានតែងសេចក្ដីពិភាក្សា ជួនកាលមានសំយោគប្រសិនបើមតិស្រប និងមតិផ្ទុយបំពេញឲ្យគ្នាទៅវិញទៅមក (សំយោគជាការផ្សំគ្នា) ។
–ចំពោះការពិភាក្សា ដែលត្រូវបដិសេធនូវមតិណាមួយ (មតិស្រប ឬមតិផ្ទុយ) នោះគ្មានការសំយោគទេ ។
–ដើម្បីធ្វើឲ្យ សំណេរតែងពិភាក្សារបស់អ្នកមានអត្ថន័យគ្រប់គ្រាន់អ្នកគប្បី៖
ស្វែងយល់ពីប្រធានបទឲ្យបានច្បាស់លាស់ធ្វើប្លង់ ឬគម្រោងតែងសេចក្ដីពិភាក្សាឲ្យបានត្រឹមត្រូវបកស្រាយ គំនិតប្រធានបទឲ្យបានច្បាស់លាស់ មានហេតុផល ឬអំណះអំណាង ព្រមទាំងរៀបប្លង់គំនិតក្នុងមតិនីមួយៗទៅតាមលំដាប់លំដោយសរសេរឃ្លាឲ្យបានច្បាស់លាស់ និងត្រឹមត្រូវតាមក្បួនវេយ្យាករណ៍ ។
សូមទាញយកគម្រោងតែងតាមរយ:តំណភ្ជាប់ នេះ
៤.គំរូតែងសេចក្ដី
ប្រធានៈ មានមតិមួយពោលថា “ តថភាពនៃទុក្ខ វេទនារបស់ក្រុមកំណែន ក្នុងរឿងគូលីកំណែនគ្រាន់តែជាតថភាពមួយនៅក្នុងរឿងតែប៉ុណ្ណោះ ពុំបានផ្ដល់តម្លៃអប់រំដល់អ្នកសិក្សានោះទេ” តើជាការពិតឬទេ ?
ចូរពិភាក្សា ដោយរកឧទាហរណ៍ក្នុងរឿងគូលីកំណែនមកបញ្ជាក់ ។
សេចក្ដីអធិប្បាយ
តួនាទីសំខាន់នៃអក្សរសិល្ប៍ គឺលើកយកតថភាពមកឆ្លុះបញ្ចាំង ឲ្យស្របទៅតាមសម័យកាលនីមួយៗទៅតាមសិល្ប៍វិធី របស់អ្នកនីពន្ធ ។ ជាអាទិ៍នៅក្នុងរឿងគូលីកំណែន អ្នកនិពន្ធក៏បានធ្វើការឆ្លុះបញ្ចាំងពីតថភាពនៃសង្គមខ្មែរ នាសម័យអាណានិគមដែរ ។ ជាមួយនឹងការឆ្លុះបញ្ចាំងនេះនឲ្យមានមតិមួយពោលថា “ តថភាពនៃទុក្ខវេទនារបស់ក្រុមកំណែនក្នុងរឿងគូលីកំណែន គ្រាន់តែជាតថភាពមួយនៅក្នុងរឿងតែប៉ុណ្ណោះ ពុំបានផ្ដល់តម្លៃអប់រំដល់អ្នកសិក្សាឡើយ ” ។
តើមតិខាងលើនេះត្រឹមត្រូវឬទេ ?
ដើម្បីជាជំនួយ ក្នុងការបកស្រាយគំនិតប្រធានឲ្យមានអត្ថន័យស៊ីជម្រៅទៅបាន យើងគប្បីស្វែងយល់ន័យនៃពាក្យគន្លឹះប្រធានជាមុន ។ “ តថភាព ” គឺសំដៅទៅលើ ការពិតក្នុងសម័យកាលណាមួយដែលអ្នកនិពន្ធបានលើយកមក ធ្វើការឆ្លុះបញ្ចាំងនៅក្នុងស្នាដៃរបស់ខ្លួន ។ រីឯ “ ទុក្ខវេទនា ” ជាការលំបាកគ្រប់យ៉ាងទាំងខាងផ្លូវកាយ ទាំងខាងផ្លូវចិត្ត ។
“ ក្រុមកំណែន ” ជាក្រុមដែលរាជការនាសម័យអាណានិគមនិយមជប៉ុន បានកេណ្ឌយកទៅធ្វើគូលីនៅការដ្ឋានពោធិចិនតុង ។ ផ្អែកតាមគំនិតប្រធានខាងលើនេះមានន័យថា ការពិតនៃសេចក្ដីលំបាកគ្រប់យ៉ាងរបស់ក្រុមគូលី ដែលរាជការអាណានិគមនិយមជប៉ុនបានកេណ្ឌ ហើយមាននៅក្នុងរឿងគូលីកំណែននោះ គ្រាន់តែជាតថភាពមួយនៅក្នុងរឿងតែប៉ុណ្ណោះ ពុំបានផ្ដល់តម្លៃអប់រំដល់អ្នកសិក្សាឡើយ ។
ជាការពិតណាស់ បើនិយាយពីរឿងទាំងឡាយដែលឆ្លងកាត់តាមរយៈសិល្ប៍រូបារម្មណ៍ របស់អ្នកនិពន្ធរួចហើយ ស្នាដៃនោះលែងជាការពិតហើយ ។ ដូចនេះហើយ ទើបក្នុងការលើកយកប្រធានបទនៃទុក្ខលំបាករបស់ក្រុមគូលីកំណែន មកឆ្លុះបញ្ចាំងលែងមានការពិតព្រោះអ្វីៗ គឺអ្នកនិពន្ធបានប្រឌិតទៅតាមអារម្មណ៍ស្រមើស្រមៃរបស់ខ្លួន ។ ជួនកាលធាតុពិត ពុំមានលក្ខណៈដូចក្នុងសាច់រឿងទេ តែដោយអ្នកនិពន្ធ ចង់ពន្លេចន័យអ្វីមួយដល់អ្នកអានអ្នកទស្សនា ក៏ខិតខំបំផ្លើសឲ្យហួសពីការពិតទៅវិញ ។ តាមការបង្ហាញទាំងនោះ វាពុំបានផ្ដល់ការអប់រំចំពោះអ្នកសិក្សា អ្នកអានឲ្យការតស៊ូ ឬការព្យាយាមរិះរកមធ្យោបាយណាមួយ ដើម្បីរកវិធីដោះស្រាយនោះឡើយ ។ តួយ៉ាងក្នុងរឿងគូលីកំណែន អ្នកនិពន្ធបានផ្ដិតយកតថភាពនៃក្រុម គូលីដែលត្រូវរាជការអាណានិគមនិយមជប៉ុនកេណ្ឌយកទៅធ្វើគូលីនៅការដ្ឋានវាលយន្ដហោះពោធិចិនតុង បានបង្ហាញពីទុក្ខលំបាកដ៏ធ្ងន់ធ្ងរបំផុត ។ ជាក់ស្ដែងក្នុងដំណើររឿងបានឲ្យដឹងថា ក្រុមកំណែនដែលត្រូវគេកេណ្ឌនោះ ពួកគេមានស្បៀងអាហារមិនសមស្រប ទៅតាមកម្លាំងពលកម្ម គឺត្រឹមតែ “ ដុតប្រហុក ត្រីងៀត អំបិល បុកក្រសាំង អំពិល ” ។ មិនតែប៉ុណ្ណោះ ជុំវិញនៃការគ្រប់គ្រងប្រមូលកំណែននេះ គេឃើញថា រាជការបង្គាប់ ឲ្យកេណ្ឌតែមួយរយនាក់ក្នុងមួយលើកៗ ប៉ុន្ដែមេឃុំផាន់ជាមេឃុំ គោកចំបក់បែរជាកេណ្ឌលើសដល់ទៅម្ភៃនាក់ ដែលតម្រូវឲ្យទៅលើគ្រួសារណាដែលមានធុរៈធ្ងន់ ។ ប្រសិនបើនរណរឹងទទឹងនឹងបង្គាប់នេះ មេឃុំមានអំណាចណាស់ ចាប់ដាក់ខ្នោះ បញ្ជូនទៅសាលាស្រុកទៅសាលាខេត្តជាដើម ។ វិធីនេះបានធ្វើឲ្យមេឃុំផាន់បានទទួលសំណូកយ៉ាងច្រើន តាមរយៈការរកជួលគូលីជំនួសដោយបង់ ជាប្រាក់ឈ្នួលម្នាក់ៗហាសិបរៀលទៅវិញ ។ ជាមួយគ្នានេះដែរ តាមការនិទានពីតថភាពដែលអ្នកនិពន្ធក្នុងរឿងខាងលើ បានបង្ហាញឲ្យពីភាពទុគ៌ត នៃក្រុមគូលីខ្លះអង្គុយជាសង្កាត់ៗតាមឃុំ ក្បាលមីរនៅផ្ទាល់ដី ។ អ្នកកំណែន ទាំងនេះមានលក្ខណៈតោកយ៉ាក ស្លៀកពាក់ខោស្នាប់ភ្លៅលើជង្គង់បំណះយុល មុខក្រៀម អង្គុយឲ្យគេរាប់ក្បាលដូចជាមានទោសប្លន់ ឬទោសលួច ។ ក្នុងតថភាពនេះពុំបានអប់រំដល់អ្នកសិក្សា អ្នកអាន ឲ្យកែប្រែបុគ្គលិកលក្ខណៈខ្លួនឲ្យឈានទៅរកភាពរុងរឿងបានឡើយ ។ នេះបានសេចក្ដីថាអី្វៗដែល មាននៅក្នុងស្នាដែនេះគ្រាន់តែជា ការឆ្លុះបញ្ចាំងឲ្យគេមើលឃើញពីព្រឹត្តិការណ៍មួយចំនួន ព្រោះពុំមានសញ្ញាណនៃការ ដាស់តឿនឲ្យមានស្មារតីតស៊ូនោះឡើយ ។ ដោយតួអង្គទាំងអស់ គ្រាន់តែធ្វើតាមអ្វីដែលជាតម្រូវការរបស់រាជការ ក្នុងសង្គមនាសម័យនោះដើម្បីចម្រើនប្រយោជន៍របស់អាណានិគមនិយមជប៉ុនដែលបម្រើឲ្យយុទ្ធសាស្រ្ដសង្គ្រាមប៉ុណ្ណោះ ។
សរុបសេចក្ដីមក តថភាពដែលមាននៅក្នុងរឿងគូលីកំណែន ដែលនិយាយទាក់ទងទៅនឹងទុក្ខវេទនារបស់ក្រុមគូលីនោះ គឺគ្រាន់តែជាតថភាពមួយនៅក្នុងរឿងពិតប្រាកដមែន ព្រោះមិនអាចផ្ដល់តម្លៃអប់រំដល់អ្នកសិក្សាបានឡើយ ។
តើតថភាពនៃទុក្ខវេទនា របស់ក្រុមកំណែនក្នុងរឿងគូលីកំណែន គ្រាន់តែជាតថភាពមួយនៅក្នុងរឿង ហើយពុំបានផ្ដល់តម្លៃអប់រំមែនឬយ៉ាងណា ?
ផ្ទុយទៅវិញ បើគេធ្វើពិនិត្យ និងសង្កេតស្នាដៃអក្សរសិល្ប៍ ពិតជាបានស្គាល់នូវមុខងារសំខាន់ៗរបស់អក្សរសិល្ប៍ នោះនឹងឃើញថាអក្សរសិល្ប៍មាននាទីសំខាន់ក្នុងការឆ្លុះបញ្ចាំងពីតថភាព និងផ្ដល់ការអប់រំ ។ ដូចនេះ ការលើកយកតថភាពនៅក្នុងរឿងគូលីកំណែនបានឲ្យឃើញថា ទំនាស់នៅក្នុងរឿងនោះ គឺការគិតតែប្រយោជន៍របស់ពួកក្រុមអ្នកកាន់អំណាចប៉ុណ្ណោះ រីឯប្រយោជន៍ប្រជារាស្រ្ដវិញ ពួកគេពុំបានគិតឡើយដូចជា ការប្រមូលប្រជារាស្រ្ដខ្មែរ ឲ្យទៅធ្វើជាគូលីកំណែន គឺក្នុងបំណងយកទៅ សាងសង់វាលយន្ដហោះពោធិចិនតុងដែលបម្រើឲ្យយុទ្ធសាស្រ្ដ សង្រ្ដាមលោកទីមួយរវាងបារាំង និងជប៉ុន ។ ជាមួយគ្នានោះ គេឃើញមានការកេញប្រវ័ញ្ច តាមរយៈកំណែនដូចករណីមេឃុំផាន់ដែលបានកេណ្ឌមិនរើសមុខ ។ ទោះបីជា មនុស្សចាស់ជរាដូចជា តាមុយ ក្មេងមិនទាន់ពេញវ័យមានដូចជា នាយអ៊ូច ឬក៏អ្នកមានជម្ងឺ គឺអន្ទិត អ៊ិន ក៏ត្រូវជាប់កំណែន រហូតមានអ្នកជម្ងឺត្រូវស្លាប់នៅការដ្ឋាននោះទៀតផង ។ ទាំងនេះបញ្ជាក់ថា គាត់កេណ្ឌចំពោះគ្រួសារណាដែលមានធុរៈចាំបាច់ ដែលត្រូវទទួលបន្ទុកគ្រួសារដោយតម្រូវឲ្យបង់លុយជំនួសទៅវិញ បើពួកគេមិនអាចទៅធ្វើកំណែន ។ គំនិតនេះ មិនត្រឹមតែធ្វើឲ្យរាស្រ្ដខ្មែរសម័យនោះ រងទុក្ខលំបាកដោយសារតែសង្រ្គាមប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យរាស្រ្ដខ្មែរធ្លាក់ទៅក្នុងទុគ៌តភាពថែមទៀតផង ។ ដោយសារតែវិបត្តិនេះហើយ ទើបលឹមត្រូវព្រាត់បា្រសម្ដាយឪពុកគូដណ្ដឹងដោយការបៀតបៀន ពីសំណាក់មេឃុំផាន់ និងសង្រ្គាមចក្រពត្តិនោះថែមទៀត ។ ទន្ទឹមនឹងនេះ ស្នាដៃខាងលើក៏បង្ហាញឲ្យឃើញអំពីការបាត់បង់សិទ្ធិសេរីនៃក្រុមគូលីកំណែន ដែលមិនអាចបញ្ចេញមតិ ឬទស្សនៈរបស់ខ្លួនបានឡើយ ។ ឧទាហរណ៍ “ តាមុយបាននិយាយប្រាប់ដល់ក្រុមគូលីកំណែនជាមុនតាមិនសូវដឹងទេរឿងនេះ ។ ឯងកុំនិយាយខ្លាំងពេកតិច មេឃុំផាន់ឮ… ។ និយាយអ្វីៗត្រូវងាកមើលឆ្វេងស្ដាំ…ប្រយ័ត្ន ” ។ ម្យ៉ាងវិញទៀត ក្នុងដំណើររឿងនេះ ក៏បានអប់រំឲ្យយើងមើលឃើញពីកាយវិការរបស់មន្ដ្រី ក្រោមអាណានិគមដែលពុំចេះគោរពចាស់ទុំសំអាងអំណាចបុណ្យសក្ដិរបស់ខ្លួនដូចជា លោកបាល័ដ្ឋដែលជាអ្នកកាន់ ភារៈទទួលកំណែនបានប្រើពាក្យអសុរ ចំពោះមេឃុំនានាដូចជា “ អាគោកចំបក់នៅឯណា ? បានគូលីគ្រប់ចំនួនទេ ? ” ។ ឬ “ គ្រាន់បើល្អ ឃើញទេអាកញ្ចាស់ស្វាយ ហេតុអ្វីតាប៉ិឯងមិនខំកេណ្ឌឲ្យបានដូចអាគោកចំបក់ ។ ប្រយ័ត្នហូតងារចោល…” ។ ទាំងនេះគឺជាតថភាពដែល សង្គមជាតិស្ថិតនៅក្រោមការត្រួតត្រារបស់ជប៉ុន ។ ឯការសាងសង់ប្រលានយន្ដហោះពោធិចិនតុង គឺជាយុទ្ធសាស្រ្ដរបស់អាណានិគមនិយមជប៉ុន ។ ទន្ទឹមនេះ យើងមើលឃើញពីទង្វើអមនុស្សធម៌របស់អ្នកអាងបុណ្យសក្ដិ និងអំណាចនាសម័យនោះ ។
សរុបសេចក្ដីមក រឿងគូលីកំណែនបាននិយាយអំពីទុក្ខវេទនារបស់ប្រជាជនជាក្រុមគូលី ដែលតាមពិតរឿងរ៉ាវទាំងនោះ បានកើតឡើងនៅក្នុងសង្គមជាតិយើងនាសម័យអាណានិគមជប៉ុន ។ នេះជាតថភាពមួយនៅក្នុងរឿង ហើយតាមរយៈតថភាពនេះ អ្នកសិក្សាធ្វើការវាយតម្លៃ និងស្រង់បទពិសោធក៏ដូចជាតម្លៃអប់រំយ៉ាងប្រសើរបំផុត ។
ជារួមអ្នកដែលយល់ឃើញថា តថភាពនៃទុក្ខវេទនារបស់ក្រុមកំណែនក្នុងរឿងគូលីកំណែន គា្រន់តែជាតថភាពមួយនៅក្នុងរឿង ពុំបានផ្ដល់តម្លៃអប់រំដល់អ្នកសិក្សានោះមិនសមស្របទេដោយហេតុថានៅក្នុងស្នាដៃនីមួយៗ អ្នកនិពន្ធតែងផ្ដិតយកតថភាពនាសម័យកាលណាមួយមកឆ្លុះបញ្ចាំងដើម្បីផ្ដល់ពុទិ្ធនិងការអប់រំ តាមរយៈសិល្ប៍វិធីផ្សេងៗដែលពេលខ្លះអ្នកអានមួយចំនួន ពុំបានយល់ពីបំណងអ្នកនិពន្ធ ដែលនាំឲ្យមានការវិភាគមិនស៊ីជម្រៅទៅលើស្នាដៃ ព្រមទាំងធ្វើឲ្យបាត់តម្លៃស្នាដៃនោះទៀតផង។
ការបកស្រាយខាងលើនេះ បានបង្ហាញឲ្យឃើញថាមតិប្រធានមិនត្រឹមត្រូវទេ ព្រោះជាការមើលរំលងពីមុខងារនៃអក្សរសិល្ប៍ សិល្បៈដែលតែងតែផ្សារភ្ជាប់ទៅនឹងតថភាព ដើម្បីអប់រំមនុស្ស ។ តែទោះជាយ៉ាងណាក៏ដោយ ក៏គំនិតប្រធានខាងលើបានញ៉ាំងអ្នកសិក្សា ឲ្យវិភាគដោយរកហេតុផល និងក៏បានស្វែងយល់ពីសិល្ប៍វិធីរបស់អ្នកនិពន្ធព្រមទាំងជំរុញឲ្យអ្នកសិក្សាកាន់តែមានទុនថែមទៀតក្នុងការវិភាគស្នាដៃអក្សរសិល្ប៍ ។
(ដោយ យួន បូរ៉េត )
Comments
Post a Comment