ការបោះឆ្នោតនៅកម្ពុជា

ការបោះឆ្នោតជាសិទ្ធិនយោបាយ និងជាការទទួលខុសត្រូវដ៍សំខាន់របស់ប្រជាពលរដ្ឋ គ្រប់រូប។ ប្រជាពលរដ្ឋអនុវត្តន៍សិទិ្ធនៃការគ្រប់គ្រងអំនាចដោយខ្លួនឯងតាមរយៈការបោះឆ្នោត ព្រោះនៅក្នុងសង្គមប្រកាន់ប្រជាធិបតេយ្យ ប្រជាពលរដ្ឋជាម្ចាស់ប្រទេស ជាម្ចាស់សិទ្ធិអំណាច ជាអ្នកបោះឆ្នោតជ្រើសរើសអ្នកដឹកនាំតាមការពេញចិត្ត និងតាមឆន្ទៈរបស់ខ្លួន។ ការបោះឆ្នោតជ្រើសរើសតំណាងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ឬអ្នកដឹកនាំនៅកម្ពុជា ការអនុវត្តន៍គោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងមានលក្ខណៈជាសកលផង និងមានលក្ខណៈអសកលផង។ 

១. ការបោះឆ្នោត ការបោះឆ្នោត ជាការទទួលខុសត្រូវជាចម្បងមួយរបស់ប្រជាពលរដ្ឋ។ ការបោះឆ្នោត គឺជាពេលវេលាមួយដែលប្រជាពលរដ្ឋគ្រប់រូបបានសំដែងឆន្ទៈរបស់ខ្លួន ដើម្បីបោះឆ្នោតជ្រើសរើសបេក្ខជនដែលខ្លួនពេញចិត្ត អោយធ្វើជាអ្នកតំណាងរបស់ខ្លួនដោយគិតទៅលើសមត្ថភាពការងារ ទស្សនវិជា្ជក្នុងការដោះស្រាយបញ្ហា និងការបេជ្ញាចិត្តបម្រើសុខសុមាភាពរបស់ប្រជាជន ការខិតខំកសាងប្រទេសជាតិ។ ការបោះឆ្នោតផ្តល់ឱកាសអោយប្រជាពលរដ្ឋជ្រើសរើសអ្នកតំណាងរបស់ខ្លួន ឬគណបក្សណាមួយក្នុងចំណោមគណបក្សទាំងឡាយដែលចូលរួមប្រកួតប្រជែងគ្នា ធ្វើជាអ្នកដឹកនាំគ្រប់គ្រងប្រទេសជាតិ។ អ្នកបោះឆ្នោតអាចបោះឆ្នោតជ្រើសរើសអ្នកដឹកនាំដែលគេបោះឆ្នោតអោយពីអាណត្តិមុនទៀត ប៉ុន្តែប្រសិនបើអ្នកបោះឆ្នោតមិនពេញចិត្តនឹងការងាររបស់អ្នកដឹកនាំក្នុងអាណត្តិមុន គេអាចបោះឆ្នោតជ្រើសរើសអ្នកដឹកនាំថ្មីទៀតបាន។ សំឡេងឆ្នោតមួយសន្លឹករបស់អ្នកបោះឆ្នោតមានសារៈសំខាន់បំផុតណាស់ សម្រាប់បេក្ខជនម្នាក់ក៍ដូចជាសំឡេងឆ្នោតសម្រាប់ជួយគណបក្សរបស់បេក្ខជននោះផងដែរ ។ 

២. សិទ្ធិបោះឆ្នោត សិទ្ធិបោះឆ្នោត ជាសិទិ្ធមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ។ ការអនុវត្តន៍សិទ្ធិបោះឆ្នោតបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការពង្រឹងគុណភាពនៃការដឹកនាំគ្រប់លំដាប់ថ្នាក់។ តាមរយៈការបោះឆ្នោតប្រជាពលរដ្ឋមានសិទ្ធិ និងឱកាសបញ្ចេញគំនិតរបស់ខ្លួនដោយសម្ងាត់លើសន្លឹកឆ្នោត ដើម្បីជ្រើសរើសតំណាងដែលមានជាទីទុកចិត្តរបស់ខ្លួនជាអ្នកថ្មី ឬគាំទ្រអ្នកតំណាងចាស់ដែលដឹកនាំល្អអោយបន្តការដឹកនាំជាបន្តទៀត។ អ្នកបោះឆ្នោតមានសិទ្ធិទទួលបានព័ត៌មានអំពីដំណើរការបោះឆ្នោតដោយតម្លាភាព ចូលរួមប្រជុុំ និងបញ្ចេញមតិយោបល់ដោយសេរី ដើម្បីពិភាក្សាអំពីបេក្ខជន ឬបេក្ខនារី និងគណបក្សនយោបាយឈរឈ្មោះប្រកួតប្រជែងបោះឆ្នោតតាមឆន្ទៈរបស់ខ្លួន ដោយគ្មានការគំរាមកំហែង គ្មានការបង្ខិតបង្ខំ គ្មានការភ័យខ្លាច គ្មានអំពើហិង្សា និងគ្មានការទិញសន្លឹកឆ្នោត។ ដើម្បីមានសិទ្ធិបោះឆ្នោតបាននៅថ្ងៃបោះឆ្នោត អ្នកបោះឆ្នោតត្រូវទៅចុុះឈ្មោះ និងពិនិត្យមើលឈ្មោះក្នុងបញ្ជីពោះឆ្នោតនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់។ មាត្រា ៣៤ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ ១៩៩៣ បានចែងថា ៖ “ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះអោយគេបោះឆ្នោត” ។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច ៖  ១៨ ឆ្នាំមានសិទិ្ធបោះឆ្នោត  ២៥ ឆ្នាំអាចឈរឈ្មោះអោយគេបោះឆ្នោតជ្រើសតាំងជាតំណាងរាស្រ្ត ក្រុមប្រឹក្សារាធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់  ៤០ ឆ្នាំអាចឈរឈ្មោះអោយគេបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា ។ 

៣. ការឈរឈ្មោះអោយគេបោះឆ្នោត លក្ខខណ្ឌនៃការឈរឈ្មោះបោះឆ្នោតអោយគេបោះឆ្នោតជ្រើសតាំងជាតំណាងរាស្រ្ត និងជ្រើសតាំងជាសមាជិកព្រឹទ្ធសភាមានលក្ខណៈខុសពីលក្ខខណ្ឌនៃការឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់និងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។ បេក្ខជនដែលឈរឈ្មោះអោយគេបោះឆ្នោតជ្រើសតាំងជាតំណាងរាស្រ្តមានលក្ខខណ្ឌស្ទើរតែដូចគ្នានឹងការឈរឈ្មោះជាបេក្ខជនសមាជិកព្រឹទ្ធសភាដែរ ប៉ុន្តែខុសគ្នាតែកម្រិតអាយុប៉ុណ្ណោះ។ បេក្ខជនឈរឈ្មោះអោយគេបោះឆ្នោតជាជ្រើសតាំងជាតំណាងរាស្រ្ត និងសមាជិកព្រឹទ្ធសភាត្រូវមាន ៖  សញ្ជាតិខ្មែរពីកំណើត  អាយុ ២៥ ឆ្នាំចំពោះបេក្ខជនតំណាងរាស្រ្ត ហើយអាយុ ៤០ឆ្នាំចំពោះបេក្ខជនសមាជិកព្រឹទ្ធសភា ដោយគិតដល់ថ្ងៃបោះឆ្នោត  សិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត  ទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា  ការតែងតាំងពីគណបក្សនយោបាយដែលបានចុុះបញ្ជីឈរឈ្មោះបោះឆ្នោត។ រីឯបេក្ខជនដែលត្រូវឈរឈ្មោះអោយគេបោះឆ្នោតជ្រើសរើសជាក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវមានលក្ខខណ្ឌដូចខាងក្រាម។ 

៣.១. ក្រុមប្រឹក្សាឃុំ សង្កាត់ បេក្ខជនដែលឈរឈ្មោះអោយគេបោះឆ្នោតជ្រើសរើសជាក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវ ៖  មានសញ្ជាតិខែ្មរពីកំណើត  មានអាយុយ៉ាងតិច ២៥ ឆ្នាំគិតដល់ថ្ងៃបោះឆ្នោត  ចេះអាន និងសរសេរអក្សរខ្មែរ  មានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតក្នុងសង្កាត់ដែលខ្លួនមានបំណងឈរឈ្មោះ  បេក្ខជនត្រូវបញ្ចូលឈ្មោះរបស់ខ្លួនទៅក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយ  ដាក់ពាក្យសុំទៅគណៈកម្មការ ឃុំ សង្កាត់រៀបចំការបោះឆ្នោត យ៉ាងតិច ៩០ ថ្ងៃ មុនថ្ងៃបោះឆ្នោត។ 

៣.២. ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បេក្ខជនដែលឈរឈ្មោះអោយគេបោះឆ្នោតជ្រើសរើសជាក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ ៖  មានសញ្ជាតិខែ្មរពីកំណើត  មានអាយុយ៉ាងតិច ២៥ ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោត  មានសិទ្ធិបោះឆ្នោត និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមលក្ខខណ្ឌ ដែលបានកំណត់ដោយ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ ខេត្ត ក្រុង ស្រុក ខណ្ឌ  ត្រូវបញ្ចូលឈ្មោះរបស់ខ្លួនទៅក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយណាមួយ ដែលគណបក្សនយោបាយនោះបានចុះបញ្ជី ត្រឹមត្រូវ តាមលក្ខខណ្ឌដូចមានចែង ក្នុងច្បាប់ស្តីពីគណបក្សនយោបាយ និងបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ 

៤. ការចុះឈ្មោះបោះឆ្នោត ការចុះឈ្មោះអ្នកបោះឆ្នោត ជាភារកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ គណៈកម្មាធិការនេះរៀបចំចាត់ចែងការងារផ្សេងៗសម្រាប់ចុះឈ្មោះអ្នកបោះឆ្នោត រៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោត និងរៀបចំដំណើរការទូទៅនៃការបោះឆ្នោត។ ដើម្បីមានសិទិ្ធបោះឆ្នោតបាន ប្រជាពលរដ្ឋទាំងពីរភេទត្រូវមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត និងមានប័ណ្ណបោះឆ្នោត ឬវិញ្ញបនបត្រជំនួសប័ណ្ណបោះឆ្នោត។ ដូចនេះ ប្រជាពលរដ្ឋគ្រប់ៗរូបត្រូវទៅចុះឈ្មោះ និងតាមដានពិនិត្យឈ្មោះរបស់ខ្លួន នៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតអោយបានទៀងទាត់នៅរៀងរាល់មុនពេលបោះឆ្នោតម្តងៗ។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានសិទិ្ធអាចចុះឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោតអោយ និងអាចទទួលបានប័ណ្ណបោះឆ្នោតបាន ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម ៖  មានសញ្ជាតិខ្មែរ  មានអាយុ ១៨ ឡើងទៅគិតមកទល់ថ្ងៃបោះឆ្នោត  មានទីលំនៅនៅក្នុងឃុំ សង្កាត់ដែលសាមីុខ្លួនកំពុងសុំចុះឈ្មោះ  ត្រូវទៅចុុះឈ្មោះដោយខ្លួនឯងផ្ទាល់មិនត្រូវស្ថិតក្នុងស្ថានភាពជាប់ពន្ធនាគារ  ពុំមែនជាជនវិកលចរិត ឬជនដែលស្ថិតក្រោមអាណាព្យាបាលដោយមានលិខិតបញ្ជាក់ពីក្រសួងស្ថានប័នមានសមត្ថកិច្ច។ អ្នកគ្រប់អាយុបោះឆ្នោតត្រូវទៅសុុំចុះឈ្មោះបោះឆ្នោត ហើយដើម្បីចុះឈ្មោះបាន គេត្រូវបង្ហាញឯកសារមួយចំនួនដូចជា សំបុត្រកំណើតដែលមានបញ្ជាក់ពីសញ្ជតិខ្មែរ ឬអត្តសញ្ញប័ណ្ណ ឬឯកសារផ្សេងៗទៀត ដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ពេលអ្នកចុះឈ្មោះបោះឆ្នោតរួចហើយ គេនឹងបញ្ចូលឈ្មោះរបស់អ្នកទៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត នៅថ្ងៃបោះឆ្នោតមន្រ្តីរៀបចំការិយាល័យបោះឆ្នោតនឹងប្រើបញ្ជីឈ្មោះនោះ ដើម្បីផ្ទៀងផ្ទាត់ឈ្មោះអ្នកបោះឆ្នោត។ ប្រសិនបើអ្នកបោះឆ្នោតមិនមានឈ្មោះនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតទេ នោះគេមិនអាចមានសិទ្ធិបោះឆ្នោតបានឡើយ។ ដូចនេះ ប្រជាពលរដ្ឋគ្រប់ៗរូបដែលមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការចូលរួមបោះឆ្នោតត្រូវតែទៅការិយាល័យរៀបចំការបោះឆ្នោតនៅក្នុងភូមិ ឬឃុំ ឬទីកន្លែងដែលគេកំណត់សម្រាប់តំបន់នោះ ដើម្បីចុះឈ្មោះបោះឆ្នោត។

 ៥. ដំណើរការបោះឆ្នោត ដើម្បីអនុវត្តន៍របបនយោបាយប្រជាធិបតេយ្យ សេរីពហុបក្សអោយបានជោគជ័យនោះ ការរៀបចំដំណើរការបោះឆ្នោត ត្រូវតែប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៏ តម្លាភាព គា្មនការបំភិតបំភ័យ គ្មានការគំរាមគំហេង គ្មានការទិញទឹកចិត្ត និងប្រព្រឹត្តទៅដោយទៀតទាត់ពេលវេលា។ ដើម្បីធានាដល់ការដំណើរការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមានសមត្ថកិច្ចគ្រប់គ្រងរាល់ការបោះឆ្នោត បានអនុម័តគោលការណ៍មួយចំនួនដែលស្របតាមច្បាប់បោះឆ្នោត សម្រាប់ណែនាំដល់គណបក្សនយោបាយ បេក្ខជនឈរឈ្មោះអោយគេបោះឆ្នោត និងអ្នកបោះឆ្នោតអោយប្រតិបត្តិតាម និងគួរចៀសវាងអ្វីខ្លះដែលផ្ទុយនឹងច្បាប់បានកំណត់។ មធ្យោបាយមួយទៀតដែលអាចធានាអោយការបោះឆ្នោតប្រព្រឹត្តទៅបានដោយត្រឹមត្រូវ យុត្តិធម៏ និងតម្លាភាព គឺត្រូវមានអ្នកសង្កេតការណ៍អព្យាក្រឹត្យមិនលំអៀង និងមិនជ្រៀតជ្រែកទៅក្នុងការដឹកនាំ និងការរៀបចំការបោះឆ្នោតដោយប្រការណាមួយោឡើយ។ ជាធម្មតា ការិយាល័យបោះឆ្នោតនីមួយៗបានត្រូវរៀបចំឡើងនៅតាមកន្លែងផ្សេងៗដែលមានកំណត់នៅក្នុងច្បាប់ដូចជា នៅតាមសាលារៀន ឬអគារសាធារណៈផ្សេងៗ។ អ្នកបោះឆ្នោតម្នាក់ៗ ត្រូវទៅបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតដែលគេកំណត់ទុកនៅតាមទីកន្លែងដែលគេរស់នៅ។ នៅថ្ងៃបោះឆ្នោត គ្រប់ការិយាល័យបោះឆ្នោតនៅទូទៅប្រទេស ត្រូវបានគេបើកទ្វារចាប់ពីម៉ោង ៧ រហូតដល់ម៉ោង ៣ ល្ងាច។ ពេលចូលមកដល់ការិយាល័យបោះឆ្នោត អ្នកបោះឆ្នោតត្រូវបង្ហាញប័ណ្ណបោះឆ្នោតរបស់ខ្លួនដល់មន្រ្តីការិយាល័យរៀបចំការបោះឆ្នោត ដើម្បីអោយគេផ្ទៀងផ្ទាត់ឈ្មោះរបស់ខ្លួនជាមួយនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោត។ បន្ទាប់ពីបានពិនិត្យឃើញត្រឹមត្រូវហើយ អ្នកបោះឆ្នោតនឹងទទួលបានសន្លឹកឆ្នោតពីមន្រ្តីការិយាល័យរៀបចំការបោះឆ្នោត រួចដើរទៅបន្ទប់សម្ងាត់តែម្នាក់ឯង ដែលពេលនោះអ្នកអាចជ្រើសរើសយកគណបក្សណាមួយដែលខ្លួនពេញចិត្តដោយគូស  ឬ  នៅពីមុខឈ្មោះគណបក្សដែលមាននៅក្នុងសន្លឹកឆ្នោត បន្ទាប់មក គេយកសន្លឹកឆ្នោតដែលគូសដោយសម្ងាត់រួចហើយនោះទៅដាក់ក្នុងហិបឆ្នោត។ ក្រោយពីបានបញ្ចាប់ការបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោតនីមួយៗ មន្រ្តីការិយាល័យរៀបចំការបោះឆ្នោតទាំងអស់ រៀបចំរាប់សន្លឹកឆ្នោតនិងធ្វើកំណត់ហេតុនៃការបោះឆ្នោត រួចហើយបញ្ចូនទៅគណៈកម្មាធិការរាជធានីខេត្តរៀបចំការបោះឆ្នោត។ គណៈកម្មាធិការរាជធានីខេត្តរៀបចំការបោះឆ្នោតនេះដឹកជញ្ជូនសន្លឹកឆ្នោត និងធ្វើកំណត់ហេតុដែលបានមកពីការិយាល័យបោះឆ្នោតនីមួយៗ បន្តទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីបូកសរុបលទ្ធផលដែលគេបានផ្ញើរមកពីការិយាល័យបោះឆ្នោតផ្សេងៗនៅទូទាំងប្រទេស។ ក្រោយពីបានពិនិត្យលទ្ធផល កំណត់ហេតុ និងដោះស្រាយបណ្តឹងតវ៉ាពីគណបក្សនានាចប់សព្វគ្រប់រួចហើយ ទើបគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រៀបចំការប្រកាលទ្ធផលនៃការបោះឆ្នោតនោះជាផ្លូវការ។ 

6. ការបោះឆ្នោតជាសកល និងអសកល តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១ បានតម្រូវឱ្យព្រះរាជណាចក្រកម្ពុជា រៀបចំការបោះឆ្នោតជាសកលដោយសេរី និងយុត្តិធម៌ ដើម្បីបញ្ចប់ជម្លោះបង្កើតស្ថាប័ន គ្រប់គ្រងប្រទេស និងកសាងនីតិរដ្ឋ។ ក្រោមកិច្ចរៀបចំរបស់អាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាហៅកាត់អ៊ុនតាក់ (UNTAC) ការបោះឆ្នោតជាសកលលើកដំបូង បានប្រព្រឹត្តិឡើងកាលពី ថ្ងៃទី ២៣ ដល់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ ហើយសភាធម្មនុញ្ញមួយ បាននិមិត្តឡើងនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ១៩៩៣ ដើម្បី តាក់តែងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ រដ្ឋធម្មនុញ្ញមួយដែលត្រូវបានសភាអនុម័ត នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ១៩៩៣ បានផ្តួចផ្តើមឱ្យមានការបោះឆ្នោត ៤ ប្រភេទ ៖  ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត  ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់  ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ  ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។ ចាប់តាំងពីឆ្នាំ ១៩៩៣ មកព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់បានរៀបចំឡើងជាការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងថ្នាក់ និងថ្នាក់មូលដ្ឋានជាបន្តបន្ទាប់រហូតមក។ ដើម្បី ផ្តល់សិទ្ធិដល់ប្រជាពលរដ្ឋក្នុងការជ្រើសរើសអ្នកតំណាងរបស់ខ្លួនអោយបំពេញការងារ ចាត់ ចែងដឹកនាំការអភិវឌ្ឍសង្គមជាតិ និងបំពេញការងារចាត់ចែងការងារដឹកនាំនៅតាមមូលដ្ឋាន ។ ក្នុងដំណើរការនៃការបោះឆ្នោតកន្លងមកនេះ ការបោះឆ្នោតខ្លះប្រព្រឹត្តទៅតាមលក្ខណៈសកល និងការបោះឆ្នោតខ្លះទៀតប្រព្រឹត្តទៅតាមលក្ខណៈអសកលដូចដែលបានកំណត់នៅក្នុងច្បាប់បោះឆ្នោត។ 

៦.១. ការបោះឆ្នោតជាសកល ការបោះឆ្នោតត្រូវបានរៀបចំតាមបែបជាសកល និងជាអសកល។ ដោយឡែកសម្រាប់ ការបោះឆ្នោតជាសកល គឺជាដំណើរការនៃការបោះឆ្នោតមួយដែលប្រជាពលរដ្ឋគ្រប់ៗរូប និងអ្នកមានសិទ្ធិបោះឆ្នោត គឺសំដៅដល់ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុចាប់ពី ១៨ ឆ្នាំ ឡើង និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដោយមិនប្រកាន់មុខងារ តួនាី ឋានៈអ្វីឡើយ នឹងលើកលែងតែមានហេតុផលមួយចំនួនដែលច្បាប់បានកំណត់ដូចជា ករណីជនវិកលចរិតជាដើម។ផ្អែកតាមច្បាប់បោះឆ្នោត ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គឺជាការបោះឆ្នោតជាសកលដោយមានការចូលរួមផ្្ទាល់ពីប្រជាពលរដ្ឋទូទៅ។ 

៦.១.១. ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នឹងប្រារព្វឡើងនៅថ្ងៃអាទិត្យ រៀងរាល់ ៥ ឆ្នាំម្តង (កាលបរិច្ឆេទផ្លូវការនឹងផ្សព្វផ្សាយ ១ ឆ្នាំ មុនថ្ងៃបោះឆ្នោត)។ តាមប្បញ្ញត្តិណែនាំ ការបោះឆ្នោតនេះនឹងប្រព្រឹត្តិទៅតាមបែបសកល សម្ងាត់ សេរី ពហុបក្ស។ ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនឹងត្រូវរៀបចំនៅថ្ងៃអាទិត្យ ចាប់ពីម៉ោង ៧ ព្រឹក រហូតដល់ម៉ោង ៣ ល្ងាច។ អ្នកបោះឆ្នោតដែលស្ថិតក្នុងការិយាល័យបោះឆ្នោត ឬក្នុងបរិវេណខាងក្នុង អាចបោះឆ្នោតបានទោះបីជាហួសម៉ោង ៣ ល្ងាច។ ចំនួនអាសនៈ ១២៣ នឹងត្រូវធ្វើការបែងចែកទៅតាមប្រព័ន្ធ សមាមាត្រដោយយករាជធានី និងខេត្តជាមណ្ឌល ហើយត្រូវបែងចែកអាសនៈតាមរូបមន្តមធ្យមភាគខ្ពស់បំផុត ដែលផ្អែកតាមចំនួនអាសនៈ និងលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌល។ • យុទ្ធនាការនៃការឃោសនាបោះឆ្នោត ការឃោសនាបោះឆ្នោតនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តមានរយៈពេល ៣០ ថ្ងៃ ហើយគ្រប់សកម្មភាពនៃការឃោសនាបោះឆ្នោតត្រូវបញ្ចប់ ២៤ ម៉ោងមុនថ្ងៃបោះឆ្នោត។ គណបក្សនយោបាយមិនបានតម្រូវឱ្យប្រកាសហិរញ្ញវត្ថុពេលឃោសនាបោះឆ្នោតជាសាធារណៈទេ។ • បេក្ខជនមានសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត លក្ខខណ្ឌនៃការឈរឈ្មោះបោះឆ្នោតអោយគេបោះឆ្នោតជ្រើសតាំងជាតំណាងរាស្រ្ត អាចឈរឈ្មោះជាបេក្ខជនឱ្យគេបោះឆ្នោតបាន បេក្ខជនត្រូវមាន ៖  សញ្ជាតិខែ្មរពីកំណើត  អាយុចាប់ពី ២៥ ឆ្នាំឡើងគិតដល់ថ្ងៃបោះឆ្នោត  មានសិទ្ធិបោះឆ្នោត និងឈ្មោះក្នុងបញ្ជីបោះឆ្នោត  មានទីលំនៅក្នុងប្រទេសកម្ពុជា  មានការតែងតាំងពីគណបក្សនយោបាយដែលបានចុះបញ្ជីបោះឆ្នោត។

 ៦.១.២ . ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នឹងរៀបចំឡើងនៅថ្ងៃអាទិត្យ រាល់ ៥ ឆ្នាំម្តង (កាលបរិច្ឆេទផ្លូវការ ត្រូវកំណត់ដោយនាយករដ្ឋមន្ត្រី តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយត្រូវប្រកាសយ៉ាងតិច ៩ ខែ មុនថ្ងៃបោះឆ្នោត )។ ការបោះឆ្នោត ប្រកាន់យកយន្តការសកល សម្ងាត់ ហើយបែងចែកអាសនៈតាមប្រព័ន្ធ សមាមាត្រ ដោយត្រូវបែងចែកអាសនៈតាមរូបមន្តមធ្យមភាគខ្ពស់បំផុត ដែលផ្អែកតាមចំនួនអាសនៈ និងលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌល (មណ្ឌលបែងចែកអាសនៈមាន ១.៦២១ មណ្ឌល ឬឃុំ សង្កាត់) ។ ចំនួនអាសនៈនៃក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងមណ្ឌលនីមួយៗមានចាប់ពី៥ ទៅ ១១ អាសនៈ ផ្អែកតាមចំនួនប្រជារាស្ត្រ និងភូមិសាស្រ្តរបស់ខ្លួន។ ការិយាល័យបោះឆ្នោតត្រូវបើកនៅម៉ោង ៧ នាទី រហូតដល់ ម៉ោង ៣ នាទី។ • យុទ្ធនានៃការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ការឃោសនាបោះឆ្នោតនៃការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់ មានរយៈពេល ១៥ ថ្ងៃ ហើយគ្រប់សកម្មភាពឃោសនាត្រូវបញ្ឈប់ ២៤ ម៉ោង មុនថ្ងៃបោះឆ្នោត។ • បេក្ខជនមានសិទ្ធិឈរឈ្មោះបោះឆ្នោត លក្ខខណ្ឌនៃការឈរឈ្មោះបោះឆ្នោតអោយគេបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់អាចឈរឈ្មោះជាបេក្ខជនឱ្យគេបោះឆ្នោតបាន បេក្ខជនត្រូវមាន ៖  សញ្ជាតិខែ្មរពីកំណើត  អាយុចាប់ពី ២៥ ឆ្នាំ ឡើងគិតដល់ថ្ងៃបោះឆ្នោត  ចេះអាន និងសរសេរអក្សរខ្មែរ  មានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតក្នុងសង្កាត់ដែលខ្លួនមានបំណងឈរឈ្មោះ  បេក្ខជនត្រូវបញ្ចូលឈ្មោះរបស់ខ្លួនទៅក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយ ដាក់ពាក្យសុំទៅគណៈកម្មការ ឃុំ សង្កាត់រៀបចំការបោះឆ្នោត យ៉ាងតិច ៩០ ថ្ងៃ មុនថ្ងៃបោះឆ្នោត។ 

៦.២. ការបោះឆ្នោតជាសកល ដោយឡែកការបោះឆ្នោតអសកល អ្នកមានសិទ្ធិបោះឆ្នោត គឺជាតំណាងឆន្ទៈរបស់ប្រជាពលរដ្ឋ និងសមាជិកក្រុមបឹ្រក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង។ការបោះឆ្នោតទាំងអស់ សុទ្ធតែអនុញ្ញាតឱ្យ គណបក្សនយោបាយ អង្គការជាតិ និងអន្តរជាតិចូលរួមសង្កេតការណ៍។ ទោះបីជាយ៉ាងណា តាមច្បាប់ដែលមានស្រាប់បច្ចុប្បន្នគ្រប់មន្រ្តីជាប់ឆ្នោតទាំងអស់នឹងបាត់បង់មុខតំណែង ប្រសិនបើសាមីខ្លួនបាត់បង់សមាជិកភាពពីគណបក្សនយោបាយរបស់ខ្លួន។ ការបោះឆ្នោតជាអសកល គឺជាដំណើរការនៃការបោះឆ្នោតមួយដែលមានលក្ខណៈខុសពីការបោះឆ្នោតជាសកលពីព្រោះប្រជាពលរដ្ឋជាទូទៅមិនមានសិទ្ធិទៅបោះឆ្នោតបាននោះទេ។ដំណើរការនៃការបោះឆ្នោតនេះ អាចចូលរួមបានតែតំណាងរបស់ប្រជាពលរដ្ឋមួយចំនួនដែលគេបានកំណត់ទុលជាស្រេចដូចមានចែងនៅក្នុងគ្រប់ច្បាប់បោះឆ្នោត។ ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាគឺជាការបោះឆ្នោតអសកល។ អ្នកមានសិទ្ធិបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា គឺមានតំណាងរាស្រ្តចំនួន ១២៣ រូបក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង រីឯអ្នកមានសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺមានតែសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងតំណែងតែប៉ុណ្ណោះ។ 

៦.២.១. ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ខុសពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ដែលប្រកាន់យកលក្ខណៈសកល បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាមួយនេះធ្វើឡើងដោយការបោះឆ្នោតអសកល សម្ងាត់ និងមិនចំពោះ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ធ្វើឡើងនៅថ្ងៃអាទិត្យ រាល់ ៥ឆ្នាំ ម្តង (កាលបរិច្ឆេទជាក់ស្តែង កំណត់ដោយនាយករដ្ឋមន្រ្តី តាមសំណើរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ)។ ការបែងចែកអាសនៈតម្រូវតាមប្រព័ន្ធសមាមាត្រ ដោយត្រូវបែងចែកអាសនៈតាមរូបមន្តមធ្យមភាគខ្ពស់បំផុត ដែលផ្អែកតាមចំនួនអាសនៈ និងលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌល។ អាសនៈនៃក្រុមប្រឹក្សាមានចាប់ពី ៧ ដល់ ២១ អាសនៈ ចំនួនជាក់ស្តែងនៃសមាជិកក្រុមប្រឹក្សានីមួយនីមួយ កំណត់ដោយអនុក្រឹត្យ ដែលនឹងផ្សព្វផ្សាយយ៉ាងតិច ១២០ ថ្ងៃ មុនពេលផុតអាណត្តិរបស់ក្រុមប្រឹក្សា ដូចជា ៖  ក្រុមប្រឹក្សារាជធានីភ្នំពេញ កំណត់មិនលើសពី ២១ រូប  ក្រុមប្រឹក្សាខេត្ត មានចំនួន ពី ៩ រូប ដល់ ២១ រូប  ក្រុមប្រឹក្សាក្រុង មានចំនួន ៧ រូប ទៅ ១៥ រូប  ក្រុមប្រឹក្សាស្រុក និងខណ្ឌ មានចំនួន ៧ ទៅ ១៩ រូប)។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាចាប់ផ្តើមពី ៧ នាទីព្រឹក រហូតដល់ម៉ោង ៣ល្ងាច។ • យុទ្ធនានៃការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ការឃោសនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អនុញ្ញាតត្រឹម ១៥ ថ្ងៃ ហើយត្រូវបញ្ចប់ ២៤ ម៉ោង មុនថ្ងៃបោះឆ្នោត។ • បេក្ខជនមានសិទ្ធិឈរឈ្មោះបោះឆ្នោត លក្ខខណ្ឌនៃការឈរឈ្មោះបោះឆ្នោតអោយគេបោះឆ្នោតជ្រើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាចឈរឈ្មោះជាបេក្ខជនឱ្យគេបោះឆ្នោតបាន បេក្ខជនត្រូវមាន ៖  មានសញ្ជាតិខែ្មរពីកំណើត  មានអាយុយ៉ាងតិច ២៥ ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោត  មានសិទ្ធិបោះឆ្នោត និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមលក្ខខណ្ឌ ដែលបានកំណត់ដោយ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ ខេត្ត ក្រុង ស្រុក ខណ្ឌ  ត្រូវបញ្ចូលឈ្មោះរបស់ខ្លួនទៅក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយណាមួយ ដែលគណបក្សនយោបាយនោះបានចុះបញ្ជី ត្រឹមត្រូវ តាមលក្ខខណ្ឌដូចមានចែង ក្នុងច្បាប់ស្តីពីគណបក្សនយោបាយ និងបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ អ្នកដែលមានសិទ្ធិទៅបោះឆ្នោត គឺជាសមាជិកប្រឹក្សាសង្កាត់ទាំងអស់ក្នុងតំណែង និងដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។

 ៦.២.២. ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ដូចជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែរ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាត្រូវបោះឆ្នោតតាមបែបអសកល មិនចំពោះ សម្ងាត់ (បោះឆ្នោតនៅថ្ងៃអាទិត្យ សប្តាហ៍ទី ៨ មុនចប់នីតិកាល លើកលែងករណីសង្រ្គាម ឬកាលៈទេសៈពិសេស ដែលមិនអាចបោះឆ្នោតបាន)។ ព្រឹទ្ធសភាមានអាណត្តិ ៦ ឆ្នាំ (ចប់នីតិកាលនៅពេលព្រឹទ្ធសភាថ្មីចូលកាន់តំណែង)។ អាសនៈត្រូវ បែងចែកតាមប្រព័ន្ធសមាមាត្រយករូបមន្តមធ្យមភាគខ្ពស់បំផុតដែលផ្អែកតាមចំនួនអាសនៈ និងលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌលបោះឆ្នោត ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា មណ្ឌលបោះឆ្នោតត្រូវរៀបចំជា ភូមិភាគ ៖  ភូមិភាគទី១ ក្រុងភ្នំពេញ មាន ៦ អាសនៈ  ភូមិភាគទី២ ខេត្តកំពង់ចាម មាន ៨ អាសនៈ  ភូមិភាគទី៣ ខេត្តកណ្តាល មាន ៥ អាសនៈ  ភូមិភាគទី៤ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន ១០ អាសនៈ  ភូមិភាគទី៥ ខេត្តតាកែវ កំពត និងកែប មាន ៧ អាសនៈ  ភូមិភាគទី៦ ខេត្តព្រៃវែង និងស្វាយរៀង មាន ៧ អាសនៈ  ភូមិភាគទី៧ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិសាត់ កោះកុង និងព្រះសីហនុ មាន៨អាសនៈ  ភូមិភាគទី៨ ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី មាន ៦ អាសនៈ។ សមាជិកព្រឹទ្ធសភាមានយ៉ាងច្រើន ស្មើពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភាទាំងមូល (ក្នុងនោះសមាជិក ២ រូប តែងតាំងដោយព្រះមហាក្សត្រ សមាជិក ២ រូប ត្រូវរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើន សមាជិកព្រឹទ្ធសភាឯទៀតត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកល) ការបោះឆ្នោតប្រព្រឹត្តិទៅចាប់ពីម៉ោង ៧ នាទី រហូតដល់ម៉ោង ៣ នាទី (អ្នកមានសិទ្ធិបោះឆ្នោតដែលស្ថិតក្នុងការិយាល័យបោះឆ្នោត ឬក្នុងបរិវេណខាងក្នុង អាចអនុញ្ញាតឱ្យបោះឆ្នោត ក្រោយម៉ោង ៣ នាទីបាន) ផ្ទុយទៅវិញ ប្រសិនបើអ្នកបោះឆ្នោតទាំងអស់ដែលមានឈ្មោះក្នុងបញ្ជី បោះឆ្នោតបានបោះឆ្នោតគ្រប់គ្នាហើយ គណៈកម្មការការិយាល័យបោះឆ្នោត អាចប្រកាសបញ្ចប់ការបោះឆ្នោតមុនម៉ោង ៣ នាទី បាន។

• យុទ្ធនានៃការឃោសនាការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា សកម្មភាពឃោសនាបោះឆ្នោតមានរយៈពេល ២១ ថ្ងៃ ហើយគ្រប់សកម្មភាពត្រូវបញ្ចប់ ២៤ ម៉ោង មុនថ្ងៃបោះឆ្នោត។ • បេក្ខជនមានសិទ្ធិឈរឈ្មោះបោះឆ្នោត លក្ខខណ្ឌនៃការឈរឈ្មោះបោះឆ្នោតអោយគេបោះឆ្នោតជ្រើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាចឈរឈ្មោះជាបេក្ខជនឱ្យគេបោះឆ្នោតបាន បេក្ខជនត្រូវមាន ៖  សញ្ជាតិខែ្មរពីកំណើត  អាយុចាប់ពី ៤០ ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោត  មានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត  មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា  មានការតែងតាំងពីគណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត នៅគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត។ 

៧. សារៈប្រយោជន៍នៃការបោះឆ្នោត អំនាចនយោបាយដឹកនាំប្រទេសតាមបែបក្របខ័ណ្ឌប្រជាធិបតេយ្យ សេរីពហុបក្ស នៅក្នុងប្រទេសនីមួយៗស្តែងឡើងតាមរយៈការបោះឆ្នោតប្រកបទៅដោយសេរី យុត្តិធម៏ តម្លាភាព និងស្មើភាព។ល។ សន្លឹកឆ្នោតមួយសន្លឹករបស់ម្ចាស់ឆ្នោត គឺជាការកំណត់ជោគវាសនារបស់ប្រទេសជាតិ និងមានសារៈប្រយោជន៍ដល់ជាតិ និងសារៈប្រយោជន៍ដល់ខ្លួនឯងផង។ ការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេស និងជាមា្ចស់សិទ្ធិអំនាច គឺមានសារៈប្រយោជន៍សម្រាប់ ៖  ជ្រើសរើសបានអ្នកដឹកនាំដែលខ្លួនពេញចិត្តតាមឆន្ទៈរបស់ខ្លួន  ផ្លាស់ប្តូរអ្នកដឹកនាំដោយសន្តិវិធី គ្មានការប្រើអំពើហិង្សា  ធ្វើអោយអ្នកដឹកនាំមានការទទួលខុសត្រូវផ្ទាល់ ចំពោះមុខប្រជាពលរដ្ឋ  ធ្វើអោយតំណាងរបស់ប្រជាពលរដ្ឋថ្នាក់ជាតិ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មានការទទួលខុសត្រូវផ្ទាល់ ចំពោះមុខប្រជាពលរដ្ឋ  លើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែប្រសើរ  អនុវត្តន៍សិទ្ធិនយោបាយ និងលទ្ធិប្រជាធិបតេយ្យ  ធានាការពារការប្រតិបត្តិសិទ្ធិសេរីទាំងអស់របស់បុគ្គលគ្រប់ៗរូប  អភិវឌ្ឍសេដ្ឋកិច្ចជាតិ  កំណត់ជោគវាសនារបស់ខ្លួន និងប្រទេសជាតិរបស់ខ្លួនដោយខ្លួនឯង។

Comments

Popular posts from this blog

តើមូលធម៌ខ្មែរមនមានអ្វីខ្លះ

មូលធម៌ខ្មែរ-មន