ប្រវត្តិអ្នកចម្រៀងរស់សិរីសុទ្ធា
រស់ សេរីសុទ្ធា
អ្នកស្រី រស់ សិរីសុទ្ឋា ជាតារាចម្រៀងខ្មែរដ៏ល្បីល្បាញ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ៦០ និង៧០ និងជាដៃគូចម្រៀងជើងឯក យ៉ាងឆ្នើមបំផុត របស់អធិរាជសំឡេងមាស លោក ស៊ិន ស៊ីសាមុត ។ កំពូលតារាចម្រៀងរូបនេះ មានកំណើតនៅថ្ងៃសុក្រ ខែកត្តិក ឆ្នាំច ត្រូវនឹងថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ១៩៤៦ នៅភូមិដំណាក់ហ្លួង ឃុំវត្តគរ ស្រុកបាត់ដំបង ខេត្តបាត់ដំបង ។ (ដោយអ្នកស្រី កែវ ច័ន្ទបូរណ៍ ខែតុលា ២០០៩។)
រស់ សេរីសុទ្ធា | ||
---|---|---|
រាជិនីសំនៀងមាស
| ||
ពត៌មានសំខាន់ៗ | ||
ឈ្មោះពីកំនើត | រស់ សុទ្ធា | |
ឈ្មោះហៅក្រៅ | រៃ, សិរី និង សិរីសួគ៌ | |
ថ្ងៃខែឆ្នាំកំនើត | ៦ វិច្ឆិកា ១៩៤៦ | |
ទីកន្លែងកំនើត | ភូមិដំណាក់ហ្លួង ឃុំវត្តគរស្រុកបាត់ដំបង ខេត្តបាត់ដំបង | |
កំរិតវប្បធម៌ | ឆ្នាំទីពីរនៅអនុវិទ្យាល័យនារី នេតយ៉ង់ បាត់ដំបង | |
សញ្ជាតិ | កម្ពុជា | |
មរណៈភាព | ១៧ មេសា ១៩៧៧ | |
ប្រភេទតន្ត្រី | ប្រជាប្រិយ និងមនោសញ្ចេតនា | |
វិជ្ជាជីវៈ | អ្នកចម្រៀង អ្នកសរសេរបទចម្រៀង | |
ឆ្នាំប្រកបវិជ្ជាជីវៈ | ១៩៦៥ –១៩៧៧ | |
ដៃគូ | ស៊ីន ស៊ីសាមុត |
ភាពល្បីល្បាញនៃខេត្តបាត់ដំបង
ខេត្តបាត់ដំបង ជាទឹកដីបណ្តុះអ្នកប្រាជ្ញ តារាភាពយន្ត តារាចម្រៀង និងអ្នកនិពន្ធល្បីល្បាញប្រចាំកម្ពុជា តាំងពីអតីតកាលមុនសម័យអង្គរ រហូតបច្ចុប្បន្ន។ ដោយសារទឹកដីនេះ ជាជម្រកអ្នកប្រាជ្ញ និងតារាដែលមានទេពកោសល្យខ្ពង់ខ្ពស់ប្រចាំប្រទេស ខេត្តបាត់ដំបងបានក្លាយជាវាលពិឃាដអ្នកប្រាជ្ញគ្រប់កាលសម័យដែលសៀមចូលលុកលុយប្រទេសខ្មែរ និងយុគសម័យអង្គការបដិវត្តន៍ ១៩៧៥ ដល់ ១៩៧៩។ តារា និងអ្នកនិពន្ធល្បីៗមួយចំនួនដែលមានកំណើតជាអ្នកបាត់ដំបង មាន សម្តេចសង្ឃព្រះវ័នរតន៍ ប៉ុណ្ណ សុម្ភាជ ជាមេគណខេត្តបាត់ដំបង, តារាភាពយន្ត អ៊ី គិមសួ (ជំនាន់ទសវត្សរ៍ ៦០), អ្នកស្រី ទិត្យ វិជ្ជរ៉ាដានី (ជំនាន់ទសវត្សរ៍ ៧០), លោក ទេព រិនដារ៉ូ (ជំនាន់ទសវត្សរ៍ ៨០ និង ៩០), តារាចម្រៀង អ្នកស្រី ម៉ៅ សារ៉េត, លោក អ៊ឹម សុងសឺម, អ្នកស្រី ហួយ មាស, អ្នកស្រី ប៉ែន រ៉ន, និងប្អូនស្រីទាំងបី (អ្នកស្រី ប៉ែន រ៉ម, អ្នកស្រី ប៉ែន រ៉ាំ និងអ្នកស្រី ប៉ែន ចន្ថា), អ្នកស្រី រស់ សេរីសុទ្ធា និងប្អូនស្រី អ្នកស្រី រស់ សិរីសោភ័ណ, ស្មៀន ឆោម ឆន និងកូនបីនាក់ ដែលជាតារាចម្រៀង (មាន អ្នកស្រី ឆោម ឆវិន ជាម្តាយរបស់តារាចម្រៀង ឆោម ឆពុំ, លោក ឆោម ប៊ុនយ៉ុង, អ្នកនាង ឆោម និមល), លោក រ៉ម រើន, លោក កែវ សារ៉ាត់, អ្នកនាង អឿន ស្រីមុំ, អ្នកនាង សួន ចន្ថា, លោក រិន សាវេត, លោក សេន រ៉ានុត, អ្នកនាង ឆៃលី ដាឡែន, អ្នកនាង អ៊ិម ស្រីពៅ និងតារានិពន្ធ លោក គង្គ ប៊ុនឈឿន, លោក នូ ហាច, លោក ញ៉ុក ថែម, លោកគ្រូអាចារ្យ ប៊ុត សាវង្ស, លោក ឆាន ឈួ ជាដើម ។
ជីវប្រវត្តិ
ឈ្មោះដើមរបស់ រស់ សិរីសុទ្ធា គឺ រស់ សុទ្ធា ឈ្មោះហៅក្រៅ រៃ។ ឈ្មោះ សិរី ទើបជាឈ្មោះកណ្តាល ថែមតាមក្រោយ ក្រោយពីឈប់រៀន ហើយទៅចាប់អាជីពជាអ្នកចម្រៀង ។ ដូច្នេះ ពលរដ្ឋខ្មែរជាទូទៅ ស្គាល់អ្នកស្រីថា រស់ សិរីសុទ្ធា។ ប៉ុន្តែ ភាគច្រើន ច្រើនសរសេរច្រឡំ ទៅជា រស់ សេរីសុទ្ធាទៅវិញ ។ សូមអានប្រវត្តិខាងក្រោម ដើម្បីឱ្យដឹងថា ហេតុអ្វី តារាសំនៀងមាសយើង មានឈ្មោះថា រស់ សិរីសុទ្ធា ។
ប្រវត្តិកុមារភាព
អ្នកស្រី រស់ សិរីសុទ្ឋា ជាតារាចម្រៀងខ្មែរដ៏ល្បីល្បាញ ក្នុងកំឡុងទសវត្សរ៍ឆ្នាំ ៦០ និង ៧០ និងជាដៃគូចម្រៀងជើងឯក យ៉ាងឆ្នើមបំផុត របស់អធិរាជសំឡេងមាស លោក ស៊ិន ស៊ីសាមុត ។ កំពូលតារាចម្រៀងរូបនេះ មានកំណើតនៅថ្ងៃសុក្រ ខែកត្តិក ឆ្នាំច ត្រូវនឹងថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ១៩៤៦ នៅភូមិដំណាក់ហ្លួង ឃុំវត្តគរ ស្រុកបាត់ដំបង ខេត្តបាត់ដំបង ។ កាលនៅកុមារភាព អ្នកស្រីបានចូលរៀននៅសាលាបឋមសិក្សា ទក្ខិណសាលា រួចបានប្រឡងជាប់ចូលរៀននៅអនុវិទ្យាល័យនារី នេតយ៉ង់ នៅឆ្នាំ ១៩៦២ ។ កាលនោះ ខ្ញុំនៅក្មេងជាងគាត់ច្រើនឆ្នាំ តែធ្លាប់ទៅមកនឹងគ្នាជិតដិតជាប្រចាំ ព្រោះយើងនៅដីភូមិ មិនឆ្ងាយពីគ្នាប៉ុន្មានទេ ជាពិសេសទៅទៀត គឺលោកឪពុករបស់ខ្ញុំ ឈ្មោះ សាស្ត្រាចារ្យ ប៊ុន ថង ក៏ជាគ្រូបង្រៀនរបស់កុមារីសុទ្ធានោះដែរ ។ បន្ថែមពីលើនោះទៀត លោកឪពុករបស់ខ្ញុំ ក៏ជាមិត្តភក្តិ រាប់អានគ្នាជិតដិត ជាមួយលោកឪពុករបស់អ្នកស្រី សុទ្ធា ឈ្មោះ លោកគ្រូ រស់ ប៊ុន ដែលជាលោកគ្រូភ្លេងខ្មែរផង ជាលោកគ្រូស្តោះផ្លុំ យ៉ាងល្បីមួយរូបផង ។ ចំណែកលោកឪពុករបស់ខ្ញុំ ក្រៅពីការងារជាគ្រូបង្រៀន នៅវិទ្យាល័យ អ៊ាបឃុត នេតយ៉ង់ លោកក៏ជាមនុស្សល្បីខាងសម្បូររឿងកំប្លែង និទានអោយអ្នកស្រុកស្តាប់ សើចគាំងពោះ មិនចេះអស់រឿង ចូលចិត្តវាយស្គរ ទាត់ចាប៉ី ហើយចូលចិត្តឡើងសម្តែងលើវេទិកា លលេងជាមួយលោកតា រស់ ប៊ុន ដោយប្រស្នាប្រាជ្ញា នៅពេលមានបុណ្យទានម្តង ៗ ។
លោកតា រស់ ប៊ុន មានស្រុកកំណើត នៅភូមិចង្វារៀល ឃុំរលាំងនាគ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាអតីតនាយទាហានជើងក្រហម សម័យអាណានិគមបារាំង ហើយទើបនឹងធ្វើមរណកាលទៅ នៅឆ្នាំ ១៩៩៥ នេះ ។ រីឯម្តាយរបស់អ្នកស្រីវិញ មាននាមថា ណាត់ សាមៀន មានស្រុកកំណើត នៅស្រុកសង្កែ ខេត្តបាត់ដំបង ។ លោកបានធ្វើមរណកាលទៅ នៅសម័យខ្មែរក្រហម ។ អ្នកស្រី សុទ្ធា ជាកូនទីបួន ក្នុងចំណោមបងប្អូនទាំង ៥ នាក់ ។ បងស្រីទី ១ ឈ្មោះ រស់ សាបឿន សព្វថ្ងៃរស់នៅបាត់ដំបង ក្នុងវ័យប្រហែល ៧០ ឆ្នាំ ។ បងស្រីទី ២ មានឈ្មោះថា រស់ សាបឿត សព្វថ្ងៃរស់នៅបាត់ដំបងដែរ ក្នុងវ័យក្បែរ ៧០ ឆ្នាំដែរ ។ បងប្រុសទី ៣ ឈ្មោះ រស់ សុគុណ បានចែកស្ថានទៅ នៅសម័យខ្មែរក្រហម ។ ចំណែកប្អូនស្រីពៅ មានឈ្មោះថា រស់ សោភ័ណ ក្រោយមក បានដូរទៅជា រស់ សិរីសោភ័ណ បន្ទាប់ពីបានចូលរួមជាតារាចម្រៀងនៅភ្នំពេញ ជំនាន់បន្ទាប់ពីអ្នកស្រី រស់ សិរីសុទ្ធា ។ អ្នកស្រី រស់ សិរីសោភ័ណ ជាអ្នកចម្រៀង ប្រចាំកងពលតូចលេខមួយ នាសម័យសាធារណរដ្ឋខ្មែរ និងជាអតីតភរិយាដើម របស់លោក អ៊ុក ស៊ីណារ៉េត ដែលជាតន្រ្តីករដ៏ល្បីល្បាញមួយរូប នៅប្រទេសយើងដែរ ។
កាលនៅក្នុងវ័យសិក្សា អ្នកស្រីមាននាមក្នុងសាលាជាផ្លូវការថា រស់ សុទ្ធា តែប៉ុណោ្ណះ ។ ប៉ុន្តែ នៅក្នុងភូមិរស់នៅប្រចាំថ្ងៃ អ្នកជិតខាងទាំងឡាយ ចូលចិត្តហៅលេងក្រៅថា អារៃ ត្បិតអ្នកស្រីមានសំឡេងស្រួយ ហើយពិរោះ ដូចសត្វរៃកណ្តឹង ។ ការពិត ពេលអ្នកស្រីមានប្រសាសន៍សន្ទនា គឺមានសំឡេងធម្មតា ! មិនសូវជាឮប៉ុន្មានទេ ប៉ុន្តែ នៅពេលអ្នកស្រី ហើបមាត់ច្រៀងម្តង ៗ វិញ បែរជាសំឡេងស្រួយ មុតចាក់ត្រចៀក ហើយជាសំឡេងខ្ពស់ កម្រមាននារីណាម្នាក់ អាចច្រៀងដល់កម្រិតនោះ ហើយនៅអាចរក្សាសំឡេងស្រួយមុតបានដូចអ្នកស្រី សុទ្ធា ណាស់ ។ កាលណោះ អ្នកស្រីចូលចិត្តបរិភោគផ្លែឈើខ្ចី ៗ ទ្រនាប់ប្រហុកចិញ្ច្រាំ ដាក់ម្ទេសហឹរ ៗ ។ ចៃដន្យ នៅផ្ទះរបស់ខ្ញុំ មានដើមកន្ទួត មានស្វាយឱករ៉ង មានល្មុត មានចេក និងផ្លែទឹកដោះ ជាដើម ដែលអ្នកស្រីឧស្សាហ៍មកសុំពីម្តាយរបស់ខ្ញុំ ជាញឹកញាប់ ដើម្បីយកចិត្តបរិភោគលេង ជាមួយប្រហុក ។ នៅពេលនោះ ម្តាយរបស់ខ្ញុំ តែងទាមទារអោយ « បងរៃ » ច្រៀងចម្រៀង ដូរផ្លែឈើទាំងនោះ ជានិច្ច ។ ពួកយើង ក៏បានអង្គុយស្តាប់គាត់ច្រៀង យ៉ាងសប្បាយផង ហើយក៏បានបរិភោគចំណី ជុំគ្នាជាញាតិផង ។
យុវតី រស់ សិរីសុទ្ធា មានមាឌស្តើង ខ្ពស់ស្រឡះ សម្បុរខ្មៅស្រស់ ហើយមានទឹកមុខញញឹមជានិច្ច ថ្វីបើមានឱកាសខ្លះ នារីយើង មានអារម្មណ៍មិនល្អក៏ដោយ គឺនាងពូកែលាក់អារម្មណ៍ណាស់ មិនសូវមាននរណាបានដឹង នូវអារម្មណ៍ពិតប្រាកដរបស់នាងឡើយ ។ ម្យ៉ាងទៀត មាណវីក៏មិនមែនជាមនុស្សតម្អូញ ឬ ប៉ិនរអ៊ូរទាំច្រើននោះដែរ តែជាមនុស្សមានសម្ដីជាក់លាក់ ម៉ឺងម៉ាត់ ធើ្វការម៉ឺងម៉ាត់ ហើយឧស្សាហ៍បំពេញការងារ ដោយមិនបាច់ដាស់តឿនច្រើន ។ នៅឯសាលារៀនវិញ សុទ្ធាជាសិស្សឆ្លៀវឆ្លាតមួយរូប ហើយក៏ជាសិស្សនារី ដែលពូកែលេងកីឡាបំផុត ។ ថ្វីបើយុវតីបានចូលរៀនវិទ្យាល័យ នេតយ៉ង់ ជំនាន់ក្រោយអ្នកស្រី ប៉ែន រ៉ន និងអ្នកស្រី ហួយ មាស តែយុវតី សុទ្ធា មានឈ្មោះបោះសំឡេង ក្នុងវិទ្យាល័យ យ៉ាងលឿនរហ័ស ជាងអ្នកទាំងពីរទៅទៀត ។ នោះ ព្រោះដោយសារសំនៀងដ៏ពិរោះរបស់យុវតី និងដោយសារភាពរួសរាយ ជារបៀបអ្នកកីឡាយ៉ាងក្លាហាននោះឯង ។
កាល សុទ្ធា នៅតូចសេចក្តី លោកគ្រូ រស់ ប៊ុន តែងនាំកូនហាត់លេងភ្លេងខ្មែរ និងហាត់ច្រៀងចម្រៀងភ្លេងការ ប៉ុន្តែមានតែកុមារី សុទ្ធា ទេ ដែលមានអំណោយទានជាងគេ ផែ្នកចម្រៀង ទើបលោកចេះតែយកដើរតាមជាមួយ នៅពេលលោកចេញទៅលេងភ្លេង តាមពិធីបុណ្យនានា ខាងក្រៅ ។ ដោយការខ្វះខាតក្នុងគ្រួសារ កុមារី សុទ្ធា ត្រូវបង្ខំចិត្ត ជួយឪពុករកប្រាក់ផ្គត់ផ្គង់គ្រួសារ តាំងពីនៅកុមារភាព ។ ជាពិសេសបំផុតនោះ គឺលោកតា រស់ ប៊ុន មានភរិយាផ្សេងទៀតហើយដែលមានកូនតូច ៗ ជាច្រើន ដែលត្រូវទំនុកបម្រុងបន្ថែមផង ។ ម៉្យាងទៀត ក្រុមគ្រួសាររបស់កុមារី សុទ្ធា មិនមាននរណាមានសមត្ថភាពខាងការសិក្សាដែរ មានតែកុមារី សុទ្ធា ទេ ដែលរៀនដុះដាលជាងគេ គឺរៀនពូកែ ដោយមិនបាច់បង្ខំ ជ្រោមជ្រែង ដាស់តឿនថែមពីក្រោយប៉ុន្មាន ។
មូលហេតុដែលនាំក្លាយជាអ្នកចម្រៀង
ចំណេរក្រោយមក នៅឆ្នាំ ១៩៦៣ នៅក្នុងវ័យជំទង់ ១៦ ឆ្នាំ យុវនារី សុទ្ធា ក៏បានទទួលរង្វាន់ពានមាស លេខមួយ ប្រចាំខេត្ត ក្នុងឱកាសពិធីប្រឡងចម្រៀង ពេលបុណ្យចូលឆ្នាំ ។ កាលនោះ អ្នកស្រីច្រៀងចម្រៀងបីបទ បទទី ១ ជាបទច្រៀងប្រកួតប្រជែង មានចំណងជើងថា ចិត្តម្តាយ (ជាបទដើមរបស់អ្នកស្រី កែវ មន្ថា) និងបទទី ២ ដែលជាបទច្រៀងជាកិត្តិយស ឈ្មោះ សំបុត្រក្រោមខ្នើយ ជាបទដើមរបស់អ្នកស្រី ម៉ៅ សារ៉េត និងចុងក្រោយ គឺបទទី ៣ ច្រៀងជាកិត្តិយស ឈ្មោះ ខ្ទមជរា ជាបទដើមរបស់អ្នកស្រីម៉ៅ សារ៉េត ដដែល ។
ក្នុងឱកាសនោះដែរ កូនប្រុសកំលោះរបស់លោកឧកញ៉ាគេហបតី គី ស៊ានហូ ថៅកែរោងចក្រអារឈើធំជាងគេ នៅក្រុងបាត់ដំបង ដែលទើបនឹងវិលមកពីសិក្សានៅប្រទេសបារាំង បានមកចូលរួមទស្សនាពិធីប្រឡងនោះដែរ ។ កាលបើបានយល់សម្រស់ដ៏ស្រស់ស្អាត អមដោយទេពកោសល្យសំនៀងយ៉ាងពិរោះ កំលោះយើង បានចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើរូបកញ្ញា សុទ្ធា ។ (ខ្ញុំសូមអភ័យទោស ដោយសារកាលណោះ ខ្ញុំនៅក្មេងពេក មិនសូវបានចាប់អារម្មណ៍នឹងរឿងទាំងនោះប៉ុន្មាន ទើបមិនបានចាំឈ្មោះរបស់លោកកំលោះម្នាក់នោះច្បាស់លាស់ពិតប្រាកដ ម្យ៉ាងព្រោះលោកក៏មិនដែលរស់នៅក្នុងស្រុកជាប់លាប់ផង ម៉្លោះហើយខ្ញុំចាំតែមុខរបស់លោកតែប៉ុណ្ណោះ តែខ្ញុំស្គាល់លោកតា គី ស៊ានហូ ជាឪពុកនោះ ច្បាស់ជាង ព្រោះខ្ញុំដើរទៅរៀនកាត់មុខវិឡារបស់លោក ត្រូវលោកស្រែកហៅខ្ញុំ សួរលេង រកលោកឪពុករបស់ខ្ញុំ ព្រឹកល្ងាច ៗ ។ លោកតា គី ស៊ានហូ ឧស្សាហ៍ទៅមក រាប់អានលោកឪពុករបស់ខ្ញុំ ជិតដិតណាស់ដែរ ព្រោះអីផ្ទះរបស់ខ្ញុំ ក៏នៅមិនឆ្ងាយពីគាត់ប៉ុន្មាន ហើយលោកឪពុករបស់ខ្ញុំ ក៏ជាសាស្ត្រាចារ្យដ៏ល្បី មានប្រជាប្រិយភាព មួយរូប ប្រចាំបាត់ដំបង ដែលនរណា ៗ ក៏ស្គាល់ ហើយចូលចិត្តហៅរកលោកជានិច្ច ។)
មិនបានប៉ុន្មានអាទិត្យផង ក៏មានគេមកអញ្ជើញកញ្ញា សុទ្ធា អោយទៅច្រៀងកំដរក្នុងពិធីស្វាគមន៍កូនកំលោះរបស់លោក គី ស៊ានហូ អាយុប្រមាណ ២៤ ឆ្នាំ ដែលទើបបញ្ជប់ ការសិក្សាផ្នែកវិស្វកម្ម មកពីប៉ារីសនោះ ។ គេក៏បានសន្យាផ្តល់តម្លៃសេវាច្រៀងកំដរយ៉ាងខ្ពស់ ល្មមអោយក្រុមគ្រួសារក្រីក្រដូចលោកតា រស់ ប៊ុន មិនហ៊ានប្រកែកថា មិនអោយនាងទៅ ។ កាលនោះ គេមិនបានអញ្ជើញលោកតា រស់ ប៊ុន ជាឪពុកទេ ត្បិតគេចង់បានតែអ្នកចម្រៀងប៉ុណ្ណោះ ។ គ្រានោះ លោកយាយ សាមៀន បានប្រកែកមិនអោយកូនទៅទេ ត្បិតនៅក្មេង ៗ ពេក មិនចង់អោយចេញដើរហើរយប់ព្រលប់ តែលោកតា រស់ ប៊ុន មិនស្តាប់ឡើយ ។ ដោយសារលោកគិតថា កូនស្រីអាចរកបានប្រាក់កម្រៃខ្ពស់ផង ដោយសារចង់អោយកូនស្រីល្បីឈ្មោះ នៅក្នុងចំណោមសង្គមគេហបតី អភិជន ផង និងដោយសារការគោរពចំពោះគ្រួសារលោកឧកញ៉ាគេហបតី គី ស៊ានហូ ដែលនៅភូមិស្រុកជិតគ្នានោះផង លោកតា រស់ ប៊ុន ក៏ដាច់ចិត្តបណ្តោយអោយបងប្រុសរបស់យុវនារី សុទ្ធា ឈ្មោះ រស់ សុគុណ អាយុ ១៩ ឆ្នាំ ជាអ្នកជូននាងទៅច្រៀងក្នុងពិធីនោះ ។ ចំណែកលោកគ្រូវិញ ក៏ត្រូវទៅលេងភ្លេងការអោយគេ នៅកន្លែងផ្សេងមួយទៀត នៅយប់នោះដែរ ។ លុះរំលងម៉ោង ១២ អធ្រាត យុវជន សុគុណ បានត្រឡប់មកដល់ផ្ទះវិញតែម្នាក់ឯង ជម្រាបឪពុកម្តាយថា សុទ្ធា ត្រូវគេឃាត់ទុកអោយនៅគេងទីនោះ ត្បិតយប់ជ្រៅពេក មិនចង់អោយកូនស្រីជិះកង់ ធ្វើដំណើរមកផ្ទះ ទាំងយប់ងងិត ខ្លាចខ្វះសុវត្ថិភាព តែគេបានប្រគល់ប្រាក់កម្រៃ តាមរយៈ សុគុណ អោយយកមកជូនលោកគ្រូ រស់ ប៊ុន គ្រប់ចំនួន តាមសន្យាហើយ ។ នៅពេលនោះ លោកគ្រូ រស់ ប៊ុន និងភរិយា មានអារម្មណ៍មិនល្អទេ ហើយក៏ស្តីបន្ទោសកូនប្រុសពេញមួយយប់ មិនបានដេកពួនឡើយ ។
លុះព្រហាមស្រាងឡើង លោកគ្រូ រស់ ប៊ុន ឡើងជិះរ៉ឺម៉ក ទៅតាមរកកូនស្រី នៅគេហដ្ឋានលោក គី ស៊ានហូ ស្រាប់តែបានជួបនឹងកូន កំពុងដើរត្រឡប់មកផ្ទះវិញ នៅមុខបន្ទាយជើងក្រហម ។ នាងស្ទុះទៅអោបឪពុក ស្រែកទ្រហោយំ ជម្រាបលោកថា កូនប្រុសលោក គី ស៊ានហូ បានប្រព្រឹត្តអនាចារ្យ ទាំងស្រវឹងស្រា មកលើរូបនាង ពេលភ្ញៀវចេញទៅផ្ទះអស់ ។ ពេលនោះ លោកតា រស់ ប៊ុន កើតក្តីក្រេវក្រោធខ្លាំងណាស់ ក៏ទៅស្កាត់ជួបកំលោះនោះ នៅផ្ទះរបស់េគេ ។ កាលបើបានស្តាប់ពាក្យរបស់លោកគ្រូ រស់ ប៊ុន ចប់ លោក គី ស៊ានហូ ជាឪពុក ក៏ច្រឡោតខឹងសម្បានឹងកូនប្រុស រហូតលើកដៃយារ ទះកំផ្លៀងកូនប្រុសយ៉ាងធ្ងន់ ។ កំលោះនោះ បានអង្វរសូមអោយលោកឪពុកទាំងពីរសម្រួលនឹងគ្នា ហើយគេក៏ស្ម័គ្រចិត្ត ទទួលយកយុវនារី សុទ្ធា ជាគូគ្រងត្រឹមត្រូវ ពេញច្បាប់ ។ ប៉ុន្តែ លោក គី ស៊ានហូ និងភរិយា មិនព្រម ត្បិតលោកបានចងពាក្យ ចងសំដី នឹងគ្រួសារឧកញ៉ាគេហបតី ជាមិត្តមួយរូប ថា នឹងភ្ជាប់សាច់ឈាមកូនកំលោះរបស់លោក ជាមួយកូនស្រីរបស់គេ ។ ដូច្នេះ លោកមិនអាចផ្លាស់ប្តូរគម្រោងការនោះ អោយអាប់មុខ អាប់យស ខូចសំដីរបស់លោក បានឡើយ ។ ម៉្យាងទៀត ក្រុមគ្រួសាររបស់លោកគ្រូ រស់ ប៊ុន ជាវណ្ណៈក្រីក្រអធនបំផុត មិនសក្តិសមនឹងអោយគ្រួសារលោក គី ស៊ានហូ ទទួលភ្ជាប់សាច់ឈាមបានដែរ ។ ពេលនោះ លោក គី ស៊ានហូ និងភរិយា បានប្រគល់ប្រាក់សងជំងឺចិត្ត មួយចំនួន ទៅលោកគ្រូ រស់ ប៊ុន តែលោកគ្រូប្រកែកមិនទទួល ដោយតវ៉ាថា កូនប្រុសរបស់លោក គី ស៊ានហូ ត្រូវទទួលទោសផែ្នករដ្ឋប្បវេណី គឺរៀបការនឹងសុទ្ធាជាគូ បើមិនដូច្នោះទេ គេត្រូវទទួលទោស តាមច្បាប់តុលាការ ដោយសារទោសប្រព្រឹត្តបទអនាចារ្យលើនារី ។ ថ្វីបើត្រូវលោកតា រស់ ប៊ុន គំរាមយ៉ាងនោះក៏ដោយ ក៏លោក គី ស៊ានហូ នៅមិនព្រមដដែល ដែលជាហេតុធ្វើអោយលោកតា រស់ ប៊ុន កាន់តែខឹងច្រឡោតឡើង រហូតរត់លក់ដីស្រែ ដីចំការ និងកេរអាករទាំងឡាយ របស់ក្រុមគ្រួសារ យកប្រាក់ទៅរត់ការប្តឹងផ្តល់ ដើម្បីដាក់ទោសកូនប្រុសរបស់លោក គី ស៊ានហូ ។ ចៃដន្យ ធនធានដ៏ទន់ទាបរបស់ក្រុមគ្រួសារលោកគ្រូ រស់ ប៊ុន មិនអាចទិញយកភាពយុត្តិធម៌ពីតុលាការ ជូនកូនស្រីកំសត់របស់គាត់បានឡើយ ។ ទីបំផុត លោកគ្រូក៏ត្រូវចាញ់ក្តីជាមួយអ្នកមានទ្រព្យ ដដែល ។
បន្ទាប់ពីនោះមក លោកគ្រូក៏មានជម្លោះនឹងភរិយា ដោយសារការបាត់បង់ដីស្រែ ដីចំការ អស់ដើមទុននឹងចិញ្ចឹមជីវិតតទៅទៀត ។ លោកគ្រូក៏ចុះចោលក្រុមគ្រួសារ ទៅរស់នៅជាមួយភរិយាចុង ឈ្មោះ រើត នៅឃុំស្រមោច ស្រុកសិរីសោភ័ណ បាត់ដំបង រួចក៏លែងត្រឡប់មកផ្គត់ផ្គង់គ្រួសារដូចមុន ៗ ទៀត ។ ដោយហេតុជម្លោះក្នុងគ្រួសារផង និង ដោយអាម៉ាស់នឹងរឿងរ៉ាវអប្រិយទាំងឡាយនោះផង យុវតី សុទ្ធា ក៏សម្រេចចិត្តឈប់រៀនពីអនុវិទ្យាល័យ ត្បិតមិនអាចប្រឈមមុខនឹងការសម្លឹងសម្លក់របស់សង្គមបាន ។ សុទ្ធា ក៏ប្រកបរបររកស៊ី ជាអ្នកលក់ដូរបន្តិចបន្តួច ក្នុងភូមិផង ជាអ្នកចម្រៀងភ្លេងការ ប្រចាំភូមិផង ដើម្បីជួយផ្គត់ផ្គង់ការខ្វះខាត នៅក្នុងគ្រួសារ ចាប់តាំងពីថ្ងៃ ដែលឪពុកនាង ចុះចេញពីផ្ទះទៅ ។ កាលនោះ យុវតី សុទ្ធា តែងតែរត់មករកអ្នកម្តាយលោកឪពុករបស់ខ្ញុំ ជានិច្ចជាកាល ដើម្បីស្វែងរកកម្លាំងចិត្ត និងការណែនាំនូវគំនិតល្អ ៗ សម្រាប់កសាងជីវិតអនាគតជាបន្តទៀត ។ ក្រោយមក លោកឪពុករបស់ខ្ញុំ (លោកសាស្ត្រាចារ្យ ប៊ុន ថង) បាននាំយកយុវតី សុទ្ធា ទៅផ្ញើនឹងលោក សុខ ឌីណារី និងលោក ឌី កាណាល់ ដែលជាអ្នកចាត់ចែងនៅក្នុងវង់តន្រ្តី លំហែយោធា ជាវង់ភ្លេងប្រគំប្រចាំរង្គសាល ស្ទឹងខៀវ ក្រុងបាត់ដំបង ដើម្បីជួយអោយនាងបានទទួលមុខរបរ ដែលមានប្រាក់ចំណូលទៀងទាត់ ។ នៅពេលនោះ លោកគ្រូ ប៊ុន ថង បានប្រតិស្ឋនាមថ្មី អោយទៅយុវតី សុទ្ធា ជាផ្លូវការ ក្នុងមុខរបរជំនាញ ជាអ្នកចម្រៀងអាជីពថា រស់ សិរីសុទ្ធា ក្នុងគោលបំណងជូនប្រសិទ្ធិពរជ័យ អោយយុវតី បានជួបតែ សិរីសួស្តី រហូតតទៅ កុំអោយជួបរឿងរ៉ាវអប្រិយ ដូចកាលកន្លងទៅនោះ តទៅទៀត ។ ប៉ុន្តែ ចំណេរក្រោយ ៗ មក យើងបែរជាឃើញឈ្មោះរបស់អ្នកស្រី ត្រូវគេសរសេរកែទៅជា រស់ សេរីសុទ្ធា ទៅវិញ ។ ចំណែក រស់ សោភ័ណ ជាប្អូនស្រី ក៏មានរឿងរ៉ាវជីវិតកំសត់ណាស់ដែរ ទើបសម្រេចចិត្តទទួលយកឈ្មោះកណ្តាលថា សិរី មកបន្ថែមពីលើឈ្មោះចាស់របស់ខ្លួនដែរ នៅពេលនាងចេញទៅប្រកបអាជីពជាអ្នកចម្រៀង តាមពីក្រោយបងស្រី សុទ្ធា នៅភ្នំពេញ ។
មិនតែប៉ុណ្ណោះ លោកឪពុករបស់ខ្ញុំ បានណែនាំ សុទ្ធា អោយស្គាល់អ្នកចម្រៀងប្រចាំខេត្តបាត់ដំបងជាច្រើន ដូចជា លោក អ៊ឹម សុងសឺម ជាអតីតគ្រូបង្រៀន នៅភូមិកំពង់ព្រះ បាត់ដំបង, អ្នកស្រី ប៉ែន រ៉ន និង អ្នកស្រី ហួយ មាស ដែលច្រៀងនៅរង្គសាលស្ទឹងខៀវដែរ ហើយក៏ជាអតីតសិស្សរបស់លោកផ្ទាល់ ដែលក្រោយមក បានទៅចេញច្រៀង មានឈ្មោះបោះសំឡេង នៅរាជធានីភ្នំពេញ ។ ដោយសារទេពកោសល្យ និងនិស្ស័យសម្បទាល្អប្រសើរ អ្នកស្រី រស់ សុទ្ធា ក៏បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់រៀមច្បង និងមិត្តរួមអាជីព ទាំងអស់នោះ ។ ម៉្យាងទៀត លោកឪពុករបស់ខ្ញុំ ក៏ជាអ្នកលេងភ្លេងចាប៉ី ស្គរ ហ្គីតា យ៉ាងចំណានម្នាក់ ហើយថែមទាំងចេះអក្សរភ្លេងថែមទៀតផង ។ ថ្វីបើលោកមិនដែលបានប្រកបរបរខាងផ្នែកតន្រ្តីក៏ដោយ ក៏ថ្វីដៃរបស់លោក បានជួយបណ្តុះបណ្តាលសិស្សរបស់លោក ជាច្រើននាក់ អោយក្លាយជាតារាយ៉ាងល្បីល្បាញ នៅកម្ពុជា មាន លោក អ៊ឹម សុងសឺម, អ្នកស្រី ហួយ មាស, អ្នកស្រី ប៉ែន រ៉ន និងប្អូនស្រីទាំងបី (អ្នកស្រី ប៉ែន រ៉ម, អ្នកស្រី ប៉ែន រ៉ាំ និងអ្នកស្រី ប៉ែន ចន្ថា) ជាដើម ។ នៅពេលទំនេរពីកិច្ចការជាសាស្រ្តាចារ្យ នៅវិទ្យាល័យ អ៊ាបឃុត នេតយ៉ង់ លោកតែងបងើ្កតថ្នាក់បង្រៀននៅផ្ទះ អោយសិស្សនានាមកជួបជុំគ្នា ធ្វើលំហាត់សាលា ដើម្បីរកមធ្យោបាយរៀន អោយកាន់តែពូកែ ជួនកាលក៏នាំសិស្សហាត់លេងតន្ត្រី ច្រៀងចម្រៀងល្អ ៗ ឬហ្វឹកហ្វឺនភាសាសន្ទនា បង្កបង្កើនចំណាប់អារម្មណ៍ពីអ្នកស្តាប់ ដោយរក្សាភាពថ្លែថ្នូរប្រពៃ ។ សិស្សដែលមករៀន ភាគច្រើនជាសិស្សក្រីក្រ ស្នាក់នៅតាមវត្ត ឬជាសិស្ស ដែលគ្មានប្រាក់ផ្គត់ផ្គង់ការសិក្សារបស់ខ្លួន ។ នៅក្នុងចំណោមសិស្សទាំងឡាយ ដែលលោកជួយដុសខាត់ទេពកោសល្យនោះ មានអ្នកស្រី ប៉ែន រ៉ន ដែលចូលចិត្តកំប្លែង ក្រមាច់ក្រមើម, អ្នកស្រី ហួយ មាស ដែលចូលចិត្តសូត្រធម៌ សូត្រកំណាព្យ និងចូលចិត្តអានរឿងនិទានខ្លី ៗ អោយមិត្តរួមថ្នាក់ស្តាប់ និងយុវតី សុទ្ធា ដែលចូលចិត្តច្រៀងបទចម្រៀងកំសត់ ៗ ដោយមិនចេះហត់នឿយ ឬធុញទ្រាន់ ។
ប្រវត្តិជាអ្នកចម្រៀងអាជីព
ពេលបានមកដល់ក្រុងភ្នំពេញដំបូង នៅចុងឆ្នាំ ១៩៦៧ យុវតី សុទ្ធា បានចូលបម្រើជាអ្នកចម្រៀង ជាមួយក្រុមតន្រ្តី យោធាភិរម្យ ក្រសួងឃោសនាការ ហើយបានចេញសម្តែង ជាសាធារណៈជាញឹកញាប់ ជាដៃគូសំនៀងរបស់លោក អ៊ឹម សុងសឺម ដែលតែងតែផ្តល់ការជ្រោមជ្រែង និងការណែនាំផ្លូវជីវិត យ៉ាងកក់ក្តៅ ដល់រូបនាង ហាក់បីដូចជា សាច់ញាតិមួយរូបរបស់លោកដូច្នោះ ។ កាលនោះ យុវតីបានជួលផ្ធះ នៅក្បែរសាលាពៅអ៊ុំ ជិតផ្ទះអ្នកស្រី ហួយ មាស ។ ពេលទៅធ្វើការ យុវតីតែងតែជិះស៊ីក្លូជាប្រចាំ ពុំនោះសោត នាងតែងសណ្តោងតាមរថយន្តរបស់លោក អ៊ឹម សុងសឺម ដែលទៅធ្វើការទីនោះដែរ ។ ក្រោយ ៗ មក ដោយទេពកោសល្យដ៏លេចធ្លោរបស់នាង យុវតីបានត្រូវគេជ្រើសរើសជាអ្នកចម្រៀងប្រចាំការ នៅរង្គសាលមេគង្គ រង្គសាលបែលអ៊ែរ នៅពោធិ៍ចិនតុង ជាដើម ។ តាំងពីពេលនោះមក យុវតីក៏ចាប់មានទំនាក់ទំនងជាមួយតារាចម្រៀងមកពីបាត់ដំបងដូចគ្នា អ្នកចម្រៀងនៅភ្នំពេញ និងអ្នកចម្រៀងពីតាមខេត្តនានា ជាច្រើនទៀត ដូចជាលោក តូច តេង, លោក សុះ ម៉ាត់, លោក មាស ហុកសេង, អ្នកស្រី ម៉ៅ សារ៉េត, អ្នកស្រី កែវ មន្ថា, អ្នកស្រី ឈួន ម៉ាឡៃ ជាដើម ។ នៅទីបំផុត យុវតីយើង ក៏បានជួបនឹងអធិរាជសំនៀងទេព ស៊ិន ស៊ីសាមុត ហើយជីវិតជាអ្នកចម្រៀងវិញ ក៏កាន់តែលេចធ្លោអណ្តែតឡើងថែមទៀត យ៉ាងឆាប់រហ័ស ហួសការស្មាន តាំងពីពេលនោះមក ។ រស់ សិរីសុទ្ធា ឬ រស់ សេរីសុទ្ធា បានទទួលប្រិយភាព និងការគាំទ្រពេញប្រទេស រួមទាំងមហាក្សត្រ នាម៉ឺនមុខមន្រ្តី និងប្រជាពលរដ្ឋខែ្មរទាំងមូល ។ នៅឆ្នាំ ១៩៦៩ អ្នកចម្រៀងវ័យក្មេងរបស់យើង បានទទួលគោរមងារពីព្រះប្រមុខរដ្ឋខ្មែរ សម្តេចព្រះឧបយុវរាជ នរោត្តម សីហនុ ថា ជា រាជិនីសំនៀងមាសប្រចាំកម្ពុជា ។ ដោយសារទឹកដមសំនៀង និងទេពកោសល្យដ៏ឆ្នើម យុវតី សុទ្ធា បានត្រូវលោក ស៊ិន ស៊ីសាមុត ណែនាំខ្លួន អោយជួបនឹងលោក ពៅ ស៊ីផូ, លោក វ៉ោយ ហូរ, លោក ហាស់ សាឡន និងអ្នកនិពន្ធបទភ្លេង អ្នកលេងតូរ្យតន្ត្រីយ៉ាងចំណាន ៗ ដទៃទៀត ដូចជា លោក គង្គ ប៊ុនឈឿន, លោក មែរ ប៊ុន, លោក ហេង ហួរវេង, លោក ម៉ា ឡៅពី, លោក ស្វាយ សំអឿ, លោក អ៊ុំ សុផានុរក្ស ដែលជាស្វាមីរបស់អ្នកស្រី ហួយ មាស ជាដើម ។
នៅក្នុងអំឡុងពេល ដែលយុវនារី សុទ្ធា ដ៏ស្រស់សោភា កំពុងមានឈ្មោះបោះសំឡេង ល្បីល្បាញនោះ មានបុរសមួយរូប ជាម្ចាស់រង្គសាលព្រះច័ន្ទពេញវង់ និងជាកូនរបស់ថៅកែភាពយន្តមួយរូប បានតាមភ្ជាប់ចំណងមេត្រីភាព ជាមួយរូបនាង ប៉ុន្តែបានត្រូវក្រុមគ្រួសាររបស់លោក តាមឆាឆៅ ជំទាស់ជាប់រហូត ថែមទាំងតាមគំរាមកំហែង ដល់សុវត្ថិភាពរបស់នាង ទៀតផង ។ ដោយក្តីរំខានក្នុងចិត្តខ្លាំងពេក អ្នកស្រីក៏សម្រេចចិត្តរៀបការយ៉ាងទាន់ហន់ នៅឆ្នាំ ១៩៦៨ ជាមួយលោក សុះ ម៉ាត់ ដែលជាអ្នកចម្រៀងបុរស ដែលមានរូបសង្ហា សម្បូរស្នេហ៍ មួយរូបដែរ ហើយដែលកំពុងតាមជួយជ្រោមជ្រែងរូបនាង អោយក្លាយជាតារារះយ៉ាងភ្លឺចិញ្ចាចនៅក្នុងផ្ទៃកម្ពុជា ។ កាលណោះ ក្រុមគ្រួសារសាច់ញាតិ នៅបាត់ដំបង ទាំងម្តាយនិងបងប្អូន មិនសប្បាយចិត្តទេ ព្រោះលោក សុះ ម៉ាត់ ធ្លាប់មានភរិយាពីរនាក់រួចមកហើយ ហើយក៏មិនមានចិត្តស្មោះត្រង់ចំពោះនារីណាម្នាក់ដែរ ។ ប៉ុន្តែ ក៏គ្មាននរណា អាចឃាត់នាងបានដែរ ព្រោះពួកគេម្នាក់ ៗ សុទ្ធតែជាប់ជំពាក់គុណបំណាច់ទំនុកបម្រុងរបស់ សុទ្ធា គ្រប់ ៗ គ្នា ។ ម្ល៉ោះហើយ សុទ្ធា ក៏បានចេញមុខ រៀបការជាមួយលោក សុះ ម៉ាត់ ពេញច្បាប់ ដោយមានភរិយាដើមទាំងពីររូបរបស់លោក សុះ ម៉ាត់ មកចូលរួមពិធីមង្គលការនោះផង ។ ប៉ុនែ្ត ចំណងជីវិតអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ មិនមានអាយុច្រើនខែទេ ព្រោះលោក សុះ ម៉ាត់ មានចរិតប្រច័ណ្ឌច្រើន ហើយបានធ្លាប់ទាត់ធាក់ វាយដំអ្នកស្រី សុទ្ធា យ៉ាងទារុណ ។ មានកាលមួយនោះ ក្រោយពីរៀបការហីយបាន ៥ ឬ ៦ ខែ លោក សុះ ម៉ាត់ បានស្ទុះឡើងទៅទះតប់វាយធ្វើបាបភរិយាយ៉ាងដំណំ នៅលើវេទិកាចម្រៀង ក្នុងចំណោមភ្ញៀវកំពុងជប់លៀងអ៊ូអរ ដោយសារក្តីប្រច័ណ្ឌចំពោះភ្ញៀវ ដែលនិយាយលលេង ទៅអ្នកស្រី ពេលសម្តែងនៅលើឆាក ។ ដោយមូលហេតុនៃការវាយដំនោះ អ្នកស្រី សុទ្ធា បានបាត់បង់ទារកក្នុងផ្ទៃមួយរូប អាយុ ៥ ខែ គឺក្មេងស្លាប់ទាំងមិនទាន់បានឃើញពន្លឺព្រះអាទិត្យ ។ រីឯអ្នកស្រីវិញ ក៏ត្រូវរងរបួសផ្លូវកាយ ដែលត្រូវការការព្យាបាលយ៉ាងយូរ ទម្រាំនឹងជាសះស្បើយមកវិញ ។ ដោយឃើញប្អូនស្រី រងរបួសធ្ងន់ពេក អ្នកសី្រ សាបឿន ជាបង បានជំរុញអោយអ្នកស្រី សុទ្ធា ដាក់ពាក្យប្តឹងលែងលះ តែត្រូវលោក សុះ ម៉ាត់ តាមគំរាមកំហែង រកសម្លាប់អស់មួយពូជ ។ ពេលនោះ អ្នកស្រី សាបឿន កើតមានចិត្តភិតភ័យ ចំពោះសុវត្តិភាពរបស់អ្នកស្រី សុទ្ធា ក៏នាំប្អូនត្រឡប់មករស់នៅឯបាត់ដំបងវិញ ។ ដំណឹងនេះបានល្បី ទៅដល់លោក ស៊ិន ស៊ីសាមុត រហូតធ្វើអោយលោកចេញមុខអន្តរាគមន៍ ដោយធ្វើដំណើរមកតាមរកអ្នកស្រី សុទ្ធា ដល់លំនៅ ឯបាត់ដំបង ។ លោកបានអញ្ជើញអ្នកស្រីអោយវិលត្រឡប់ទៅច្រៀងជាមួយលោកវិញ ដោយធានាសុវត្ថិភាព ១០០ ភាគរយដល់អ្នកស្រី ។ លុះត្រឡប់មកដល់ភ្នំពេញវិញ អ្នកស្រីក៏បានប្តូរមករស់នៅម្តុំវត្តនាគវ័ន ដើម្បីចៀសមិនអោយជួបមុខលោក សុះ ម៉ាត់ តទៅទៀត ហើយក៏បន្តទេពកោសល្យ ជារាជិនីសំនៀងមាសប្រចាំកម្ពុជា ជាមួយលោក ស៊ិន ស៊ីសាមុត និងក្រុមតន្រ្តី ដែលលោក ស៊ិន ស៊ីសាមុត ណែនាំតែប៉ុណ្ណោះ ។ ចាប់តាំងពីពេលនោះមក អ្នកស្រីក៏បានរស់នៅរកស៊ី ដោយសុខសប្បាយ ហើយចម្រុងចម្រើនរហូតរៀងបន្តមក ។
ជាងមួយឆ្នាំក្រោយមកទៀត នៅចុងឆ្នាំ ១៩៦៩ អ្នកស្រី សុទ្ធា បានជួបនឹងកំលោះមួយរួប ឈ្មោះ ហ៊ុយ ស៊ីផាន់ ជាកូនប្រុសរបស់ថៅកែ វណ្ណ ច័ន្ទ ម្ចាស់ផលិតកម្មថាសចម្រៀងដ៏ល្បីល្បាញជំនាន់នោះ រួចហើយក៏ភ្ជាប់ទំនាក់ទំនងដ៏ល្អនោះ រហូតដល់បានកូនប្រុសមួយ ។ អ្នកទាំងពីររស់នៅសុខសាន្ត មានសុភមង្គលពេញលក្ខណៈ មិនមានការរកាំរកូស អ្វីបន្តិចឡើយ ។ រីឯមុខរបររកស៊ីខាងផលិតបទចម្រៀងវិញ ក៏កាន់តែរីកចម្រើនឡើង ជាលំដាប់ ។
រវាងឆ្នាំ ១៩៧០ អ្នកស្រី សុទ្ធា បានជាប់កំណែនជាសមាជិកកងទ័ពឆត្រយោង បម្រើរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ ថែមទាំងជានារីខ្មែរតែមួយរូបគត់ ដែលហ៊ានលោតឆត្រយោងពីលើអាកាស ក្នុងប្រវត្តិសាស្រ្តកម្ពុជា ។ ពេលនោះ កិត្តិសព្ទរបស់អ្នកស្រី ក៏កាន់តែមានប្រជាប្រិយភាព រីកសុះសាយថែមទៀត តាមរយៈការផ្សាយតាមកាសែត តាមវិទ្យុ និងតាមទូរទស្សន៍ អំពីសកម្មភាពលោតឆត្រយោងរបស់អ្នកស្រី ។ ឯរូបសោភ័ណរបស់អ្នកស្រី និងសំនៀងរបស់អ្នកស្រី ក៏កាន់តែក្លាយជាទីចាប់ចិត្ត ចាប់អារម្មណ៍ នៃមនុស្សផងទាំងពួង រួមទាំងលោកឧត្តមសេនីយ ស្រី យ៉ា ដែលជាមេបញ្ជាការកងទ័ពឆត្រយោង មានទីតាំងនៅជិតបណ្ឌិតរាជសភា និងមហាវិទ្យាល័យមនុស្សសាស្រ្ត នោះទៀតផង ។
នៅថ្ងៃមួយ ក្នុងឆ្នាំ ១៩៧១ មានក្រុមទាហានមួយហ្វូង បើកឡានហ្ស៊ីបចូលមកអញ្ជើញអ្នកស្រីចេញពីផ្ទះ នាំខ្លួនអ្នកស្រី ទាំងកណ្តាលយប់ ទៅជូបលោកឧត្តមសេនីយ ស្រី យ៉ា ហើយបានត្រូវឃាត់ខ្លួនទុកនៅទីនោះ មិនអោយត្រឡប់មកផ្ទះវិញឡើយ ។ ពេលនោះ បងប្រុសរបស់អ្នកស្រី ឈ្មោះ លោក រស់ សុគុណ បានចេញមុខជំនួសលោក ស៊ីផាន់ សូមធានាយកខ្លួនរបស់អ្នកស្រី សុទ្ធា ត្រឡប់មកផ្ទះវិញ តែក៏ត្រូវលោក ស្រី យ៉ា គំរាមកំហែង ចង់យាយីជីវិតរបស់លោក ស៊ីផាន់ ទៀតផង ។ ដោយការភិតភ័យខ្លាំងពេក លោកហ៊ុយ ស៊ីផាន់ បាននាំកូនប្រុស គេចខ្លួនទៅរស់នៅប្រទេសបារាំង រហូតមកដល់សព្វថ្ងៃនេះ ។
កាលនោះ ភរិយាដើមរបស់លោក ស្រី យ៉ា មានរោគស្រ្តី មិនអាចមានបុត្របាន ទើបលោក ស្រី យ៉ា បានប្រើអំណាចបង្ខំចាប់យកអ្នកស្រី សុទ្ធា មកធ្វើជាភរិយាចុងតែម្តងទៅ ។ ពេលដែលបានមករស់នៅជាមួយលោក ស្រី យ៉ា អ្នកស្រី សុទ្ធា បានសុំយកបងប្រុស រស់ សុគុណ និងប្អូនស្រីពៅ រស់ សោភ័ណ មករស់នៅជាមួយ ហើយក៏ជួយបណ្តុះបណ្តាលបងប្អូន អោយមានអាជីពនឹងគេ ។ នៅពេលនោះ រស់ សោភ័ណ ក៏បានចាប់អាជីពជាអ្នកចម្រៀង ដោយប្រតិស្ឋនាមថ្មីថា រស់ សិរីសោភ័ណ ក្រោយមក ក៏បានជួបនឹង លោក អ៊ុក ស៊ីណារ៉េត ដែលជាអ្នកតូរ្យតន្រ្តីមួយរូប នៅភ្នំពេញ ហើយក៏បានរៀបការជាប្តីប្រពន្ធនឹងគ្នាទៅ ។
នៅអំឡុងបួនឆ្នាំ ដែលអ្នកស្រី សុទ្ធា រស់នៅជាមួយលោក ស្រី យ៉ា អ្នកស្រីមានបុត្របួនរូប ។ មានពេលខ្លះ អ្នកស្រី សុទ្ធា ត្រូវជិះយន្តហោះចេញក្រៅប្រទេស ជាមួយលោក ស៊ិន ស៊ីសាមុត, អ្នកស្រី ប៉ែន រ៉ន, អ្នកស្រី ហួយ មាស, លោកវ៉ោយ ហូរ, លោក ហាស់ សាឡន ជាដើម ដើម្បីទៅថតចម្រៀងកាស្សែត ដូចជា នៅប្រទេសសាំងកាពួរ ឬហុងកុង ជាដើម ។ ប៉ុន្តែ អ្នកស្រីមិនសូវបានទទួលការអនុញ្ញាតពីលោក ស្រី យ៉ា ដើម្បីចេញបង្ហាញថ្វីដៃតាមវិទ្យុជាតិ ទូរទស្សន៍ជាតិ ឬតាមពិធីជប់លៀងពិសេសនានាយ៉ាងសេរី ដូចមុនឡើយ ។ នៅចុងឆ្នាំ ១៩៧៤ រដ្ឋាភិបាលបានប្រកាសបិទចរាចរណ៍ក្រុងភ្នំពេញ នៅពេលយប់ ដោយមូលហេតុសង្រ្គាមដុនដាប រវាងកងទ័ពសាធារណរដ្ឋខ្មែរ និងកងទ័ពខ្មែរក្រហម ។ ពេលនោះ អ្នកស្រី សុទ្ធា បានសុំលោក ស្រី យ៉ា នាំកូន ៗ ទៅនៅបាត់ដំបងមួយរយៈ ដើម្បីរក្សាសុវត្ថិភាពផង ។ ណាមួយ នៅទីនោះ រង្គសាលក៏នៅមានបើក នៅពេលយប់នៅឡើយ ដូច្នេះអ្នកស្រីអាចនៅចេញច្រៀងបម្រើទេពកោសល្យរបស់ខ្លួន ជាជាងរស់នៅជាបក្សីក្នុងទ្រុងមាស ឯភ្នំពេញផង ។ ម្យ៉ាងទៀត នៅពេលនោះ អ្នកស្រីបានចូលសម្តែងជាតូឯករង នៅក្នុងខ្សែភាពយន្តខ្មែរមួយរឿង ពេលដែលត្រូវយំ ហើយត្រូវចេញមកបង្ហាញខ្លួន នៅលើវេទិកា ចំពោះមុខទស្សនិកជនទាំងឡាយ មុននឹងពេលភាពយន្តចាប់បញ្ចាំង ជាលើកដំបូងនៅក្រុងបាត់ដំបង ។ កាលនោះ លោក ស្រី យ៉ា មានការទើសទាល់ក្នុងចិត្តណាស់ ប៉ុន្តែដោយចង់រក្សាសុវត្ថិភាពអោយកូន ៗ លោកក៏បណ្តោយអោយអ្នកស្រីនាំកូនទៅ ។ មិនបានប៉ុន្មានអាទិត្យផង លោកក៏បានបញ្ជាអោយគេនាំខ្លួនអ្នកស្រី សុទ្ធា និងកូនចៅត្រឡប់មកភ្នំពេញវិញ ។
ភាតរមិត្តភាពនិងសន្តានចិត្ត
ខ្ញុំនឹកឃើញដល់អនុស្សាវរីយ៍ពិសេសមួយ រវាងខ្ញុំ ជាមួយអ្នកស្រី រស់ សិរីសុទ្ធា គឺនៅថ្ងៃ ដែលគេចាប់បញ្ចាំងខ្សែភាពយន្តរឿង ពេលដែលត្រូវយំ នោះ ខ្ញុំបាននាំប្អូន ៗ និងញាតិមួយហ្វូងធំ ទៅជួបអបអរសាទរ ។ ចៃដន្យ ខ្ញុំពាក់អាវម៉ូដតែមួយ ព័ណ៌តែមួយ ដូចអ្នកស្រី រស់ សិរីសុទ្ធា ដែរ ធ្វើអោយគេទាំងឡាយច្រឡំមួយស្របក់ថា ខ្ញុំនេះត្រូវជាតួអង្គត្រូវបង្ហាញខ្លួន នៅលើឆាកនឹងគេដែរ តែការពិត គ្រាន់តែជាការចៃដន្យសោះ ។ កាលណោះ បើសិនខ្ញុំនេះមានទេពកោសល្យ ចេះច្រៀងចម្រៀងដែរនោះ ម៉្លេះសមត្រូវគេចាប់អោយឡើងឆាក ជាប់ប្រវត្តិសាស្រ្តនិងកំប្លែងសប្បាយនឹងគេទៅ ហើយ។
ខ្ញុំក៏ចាំបានដែរថា រៀងរាល់ពេលដែលអ្នកស្រី សុទ្ធា វិលត្រឡប់មកបាត់ដំបងម្តង ៗ មិនថាពេលណា វេលាណាេទេ អ្នកស្រីតែងតែចូលជម្រាបសួរសុខទុក្ខលោកឪពុកអ្នកម្តាយរបស់ខ្ញុំ ជានិច្ច មានកាលរហូតដល់មានច្រៀងចម្រៀងពិសេស ៗ ជូនលោកស្តាប់ផ្ទាល់ថែមទៀតផង ។ កាលនោះ មានសាច់ញាតិរបស់ខ្ញុំខ្លះ ជាអតីតមិត្តជំនិតរួមថ្នាក់ ជាមួយអ្នកស្រី សុទ្ធា តែងចំណាយពេលរួមគ្នា នៅដីភូមិរបស់ខ្ញុំ បរិភោគអាហារជុំគ្នា ហើយអ្នកស្រីតែងតំណាលរឿងជីវីតរបស់អ្នកស្រី អោយស្តាប់ ថា តើថា មុននឹងក្លាយជាតារារះនៅភ្នំពេញនោះ តើជីវិតអ្នកស្រី មានសភាពដូចម្តេចខ្លះ ។ អ្នកស្រីជាមនុស្សរួសរាយ ទន់ភ្លន់ រាក់ទាក់ណាស់ មិនចេះវាយឫកឆ្មើងកន្រ្ទើងដូចជាតារាដទៃទៀតខ្លះ ៗ ឡើយ គឺអ្នកស្រីនៅរក្សាភាពសាមញ្ញ ដូចដើមដដែល ពេលមកដល់ស្រុកភូមិរបស់ខ្លួន មិនមានប្តូរចរិតទេ តាំងពីរឿងហូបចុក ដេកពួនឡើងទៅ ។ អ្វីដែលប្លែក គឺអ្នកស្រីបានជួយផ្លាស់ប្តូរជីវភាពក្រុមគ្រួសារ ឯស្រុកកំណើត អោយបានជួបនូវភាពរុងរឿងថ្កុំថ្កើង មានមុខមាត់ប្រសើរជាងមុន មិនអោយញាតិទាំងឡាយសើចយំបានដូចមុនតទៅទៀតឡើយ ។ អ្នកស្រីបានជួយ បណ្តុះបណ្តាលសាច់ញាតិរបស់ខ្លួន អោយមានតម្រិះវិជ្ជា និងមានការងារធ្វើសមរម្យ មានកិត្តិនាមក្នុងសង្គម ។ មានក្មួយ ៗ របស់អ្នកស្រីខ្លះ ក៏បានប្រឡងជាប់មធ្យមសិក្សា ហើយបានត្រូវអ្នកស្រីទំនុកបម្រុង រហូតដល់បានបន្តការសិក្សាខ្ពង់ខ្ពស់នៅភ្នំពេញថែមទៀតផង ។ ការដែលអ្នកស្រីរក្សាភាពជាមនុស្សកតញ្ញូ ហើយមានភក្តីភាពចំពោះម្តាយ និងបងប្អូន សាច់សន្តានក្រីក្រ ព្រមទាំងញាតិមិត្ត ជាច្រើនទៀតនេះហើយ ដែលធ្វើអោយអ្នកស្រីបានទទួលនូវការកោតសរសើរ នូវប្រជាប្រិយភាព និងការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ទស្សនិកជន និងញាតិទាំងឡាយ ពេលអ្នកស្រីឈានជើងចូលស្រុកកំណើតម្តង ៗ ។
ប្រវត្តិនៅជំនាន់ខ្មែរក្រហម ១៩៧៥
ថ្ងៃ ១៧ មេសា ១៩៧៥ លោក ស្រី យ៉ា ជាស្វាមី ក៏បាត់ខ្លួនទៅ នៅពេលប្រតិបត្តិការលើសមរភូមិ ។ ចំណែកអ្នកស្រី សុទ្ធា និងកូនទាំងបួន បងប្រុស រស់ សុគុណ ព្រមទាំងភរិយា និងបុត្រម្នាក់ អ្នកស្រី រស់ សិរីសោភ័ណ និងស្វាមី ព្រមទាំងបុត្រមួយរួប រួមទាំងបុត្រពីរនាក់ទៀតរបស់អ្នកស្រី សំបឿត ជាបង ដែលស្នាក់នៅជាមួយ រួមទាំងអស់ ១៤ នាក់ បានត្រូវអង្គការខ្មែរបដិវត្តន៍ ជម្លៀសចេញ តាមផ្លូវជាតិលេខ ៤ សំដៅទៅកំពង់ស្ពឺ ។ ដោយមូលហេតុដាច់ស្បៀង ថ្នាំសង្កូវ និងការលំបាកនានា កូនទាំងបួនរូបរបស់អ្នកស្រី សុទ្ធា បានស្លាប់ម្តងមួយ ៗ ជាបន្តបន្ទាប់អស់ទៅ នៅសល់តែអ្នកស្រី សុទ្ធា ម្នាក់ឯង ។ ក្រោយមកទៀត អង្គការក៏ចាប់បំបែកញែកសាច់ញាតិរបស់អ្នកស្រី ចេញឆ្ងាយពីគ្នាអស់រលីង នៅសល់តែប្អូនស្រី រស់ សោភ័ណ តែម្នាក់ ដែលអង្គការចាប់បញ្ជូនអោយទៅនៅភូមិត្រពាំងផ្លុង ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាមួយអ្នកស្រីសុទ្ធា ។
តាមសំដីអ្នកស្រី ទីវ ហេង ដែលជាសាក្សីម្នាក់ ធ្លាប់រស់នៅជាមួយអ្នកស្រី សុទ្ធា សម័យខ្មែរក្រហម បានមានប្រសាសន៍ តាមការសម្ភាសន៍ ជាមួយទស្សនាវដ្តី ឥន្រ្ទទេវី ថា អ្នកស្រី សុទ្ធា បានលាក់ខ្លួន រស់នៅយ៉ាងសាមញ្ញ ធ្វើការវេទនា ដូចគេដូចឯង មិនមានយោធាខ្មែរក្រហមណា អាចចាប់ភ្លឹកបានទេថា អ្នកស្រីជាអតីតតារាដ៏ឆើតនៃកម្ពុជា ។ ប៉ុន្តែ អ្វីដែលមិនអាចលាក់បាន គឺ និស្ស័យរបស់អ្នកស្រី ខាងផ្នែកចម្រៀងនោះតែម្តង ។
នៅក្នុងសម័យនោះ អ្នកស្រីចូលចិត្តច្រៀងលេងកំដរញាតិ ពេលសម្រាកពីការងារមួយភ្លែត ៗ ដើម្បីរំដោះអារម្មណ៍ទុក្ខសោករបស់ អ្នកស្រីពីក្នុងបេះដូងផង ដើម្បីចែកញាតិស្តាប់លេង អោយស្បើយការនឿយហត់ផង ។ ចៃដន្យ អ្នកស្រីមិនហ៊ានច្រៀងបទសម័យពីមុន ៗ តាមអត្ថន័យចាស់ទាំងស្រុងទេ ច្រើនតែច្នៃកែប្រែពាក្យពេចន៍ ដើម្បីតម្រូវទៅតាម ទិសដៅរបស់អង្គការបដិវត្តន៍ ។ បើមិនដូច្នោះទេ អ្នកស្រីនឹងជាប់ទោស ត្រូវអង្គការកម្ទេចជីវិតចោល ។ ក្រោយមក ពេលដែលដឹងថា អ្នកស្រីចេះច្រៀងពិរោះ ក្រុមយោធាអង្គការក៏ចាត់តាំងអោយអ្នកស្រីច្រៀងចម្រៀងអង្គការបដិវត្តន៍ ដើម្បីបម្រើ និងលើកតម្កើងប្រយោជន៍ជូនអង្គការតែម្យ៉ាងប៉ុណ្ណោះ ។ ម្ល៉ោះហើយ អ្នកស្រីត្រូវមានការប្រុងប្រយ័ត្នជានិច្ច ក្នុងការប្រើពាក្យពេចន៍ជាទំនុកច្រៀង ។ អ្នកស្រីតែងតែកាន់សៀវភៅតូចមួយ ដាក់តាមខ្លួន សម្រាប់កត់ត្រាទុកនូវបទចម្រៀង ដែលអង្គការតម្រូវមកអោយច្រៀង ។
នៅឆ្នាំ ១៩៧៧ វេលាចូលឆ្នាំខ្មែរ អ្នកស្រី សុទ្ធា បានត្រូវអង្គការបដិវត្តន៍ ចាប់បង្ខំអោយរៀបការ ជាមួយយោធាមួយរូប ដែលពិការដៃម្ខាង មានឈ្មោះថា សមមិត្ត ត្រោក ជាកងកម្មាភិបាលជាន់ខ្ពស់ មួយរូប របស់អង្គការ ។ ប៉ុន្តែ ជីវិតអាពាហ៍ពិពាហ៍ថ្មីនេះ មិនបាននាំសុភមង្គលល្អប្រសើរអ្វីដល់អ្នកស្រី សុទ្ធា ទេ ។ ផ្ទុយទៅវិញ អ្នកស្រីត្រូវរស់រងទុក្ខជាប្រចាំ ត្បិតបុរសនោះកើតក្តីប្រច័ណ្ឌចំពោះអ្នកស្រី នៅគ្រប់វេលាទាំងអស់ ដែលអ្នកស្រីទទួលការសរសើររាក់ទាក់ពីញាតិផង ពេលអ្នកស្រីឡើងចេញច្រៀង នៅមីទីងរបស់អង្គការ ឬនៅទីណា ដែលអង្គការចាត់តាំង អោយទៅបំពេញកិច្ច ។ ដោយការប្រច័ណ្ឌហួងហែងខ្លាំងហួសប្រមាណ មិត្ត ត្រោក តែងប្រើហិង្សា វាយដំអ្នកស្រីជានិច្ច ។ ចំណែកអ្នកស្រីវិញ មិនអាចតបត ឬរត់គេចបានឡើយ ដោយខ្លាចបារមីរបស់អង្គការខ្មែរក្រហម ហើយជីវិតអាពាហ៍ពិពាហ៍នោះ មិនមានអាយុច្រើនខែដែរ ។ ដោយជម្លោះក្ឌុងក្ឌាំងញឹកញាប់ពេក អង្គការខាងលើបានហៅអ្នកស្រី ទៅកសាងអប់រំ ដោយរំលឹកអោយអ្នកស្រី គោរពស្វាមី មិនអោយឆ្លើយតបត មានមាត់ក មានហិង្សា ជាមួយលោកយោធាកម្មាភិបាលនោះតទៅទៀត ។ ប៉ុន្តែ អ្នកស្រីតាំងចិត្តអត់ធ្មត់មិនបាន ត្បិតត្រូវស្វាមីវាយដំជេរប្រទេចច្រើនហួសប្រមាណ ក៏តបតដោយសំដីខ្លះ ៗ ត្រឡប់ទៅវិញ ដែលជាហេតុបណ្តាលអោយអង្គការលើ ចាប់ដាក់ទោស បញ្ជូនខ្លួន អោយទៅធ្វើការ នៅភូមិមួយផ្សេងទៀត នៅរវាងពាក់កណ្តាលឆ្នាំ ១៩៧៧ ។ ចាប់តាំងពីថ្ងៃនោះមក គ្មាននរណាម្នាក់បានដឹងដំណឹងពីអ្នកស្រីទៀតឡើយ ។
កាលនៅសម័យនោះ ពេលមានអ្នកស្រុកណាម្នាក់ ត្រូវអង្គការចាត់តាំងអោយទៅកាប់ព្រៃ ឬទៅបម្រើអង្គការនៅតំបន់ថ្មី នោះមានន័យថា អ្នកស្រុករូបនោះ ជាជនដែលត្រូវអង្គការ សំឡេះជីវិតចោល ដោយគ្មានត្រាប្រណីឡើយ ។ រីឯសាច់ញាតិវិញ ក៏មិនដែលបានដឹងថា អ្នកស្រុករូបនោះ ត្រូវអង្គការប្រហារជីវិតចោល នៅឯណាដែរ ។
សាច់ញាតិរបស់អ្នកស្រី សុទ្ធា ដែលនៅសេសសល់ មានលោកយាយ រស់ សំបឿត, លោកយាយ រស់ សំបឿន និងកូនចៅ នៅភូមិដំណាក់ហ្លួង ឃុំទួលតាឯក ក្រុងបាត់ដំបង ហើយនិងអតីតស្វាមីរបស់អ្នកស្រី ឈ្មោះ លោក ហ៊ុយ ស៊ីផាន់ និងកូនប្រុសមួយរូប ដែលសព្វថ្ងៃ មានវ័យប្រហែលជិត ៤០ ឆ្នាំហើយ រស់នៅឯប្រទេសបារំាង ។
(ព័ត៌មានរបស់ខ្ញុំ ដែលសុំកែប្រែ និងបន្ថែមក្រោយ ឈ្មោះ ម៉ូនិសា) តែទោះជាយ៉ាងណា ដន្លងរបស់ឪពុកម្ដាយខ្ញុំ ដែលធ្លាប់បម្រើការនៅមន្ទីរពេទ្យកាល់ម៉ែត នៅឆ្នាំ ១៩៨០ បានប្រាប់ខ្ញុំថា តារាចម្រៀងដ៏ល្បីល្បាយរូបនេះ ទទួលមរណភាពនៅទីនោះ ដោយសារមហារីកបំពង់ក នៅមន្ទីរពេទ្យកាល់ម៉ែតនៅឆ្នាំ ១៩៨០ នោះ ។)
Comments
Post a Comment